(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែន និងផ្នែកពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងលិចលង់ផ្ទះលំនៅដ្ឋាន នៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ដើម្បី ត្រៀមសង្គ្រោះបឋមរកន្លែងមានសុវត្ថិភាព ផ្តល់ស្បៀងអាហារ និងថ្នាំដង្កូនជូនបងប្អូន។
ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ លិចលង់ផ្ទះលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន៦ភូមិ នៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត កាលពីព្រឹកធ្ងៃទី ២០ កក្តដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា ការចុះមកពិនិត្យស្ថានភាពទឹកជំនន់ និងការសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងលិចលង់លំនៅដ្ឋាននាពេលនេះ គឺពិនិត្យទៅលើស្ថានភាពសង្គ្រោះជិវិតមនុស្ស ផ្តល់ស្បៀងអាហារ និងមានគ្រូពេទ្យប្រចាំការ ដើម្បី ធ្វើយ៉ាងណាការពារ ជំងឺឈឺស្កាត់កើតមានឡើងជូនបងប្អូន ក្នុងពេលស្ថានភាពទឹកជំនន់ កំពុងលិចលង់ផ្ទះលំនៅដ្ឋាននេះ។
ឯកឧត្តមអភិបាលបន្តថា នៅពេលនេះ អាជ្ញាធររាជធានី ជាមួយអាជ្ញាធរខេត្តកណ្តាល និងផ្នែកពាក់ព័ន្ធ មានរៀបចំធ្វើម្ហូបអាហាររបស់កាកបាទក្រហមជូនប្រជាពលរដ្ឋ ព្រោះមានក្រុមគ្រួសារមួយចំនួន បាន លិចលង់ផ្ទះសំបែងទាំងស្រុងតែម្តង។Clip´:នេះសុំបញ្ជាក់ដែរថាមិនមែកក្នុងការសូកប៉ាន់ក្នុងការបោះឆ្នោតទេ កិច្ចការងារនេះធ្វើឡើងក្នុងន័យមនុស្សធម៌ទៅតាមតយៈកាកបាទក្រហមកម្ពុជានិងសាខាកាកបាទក្រហមរាជធានីភ្នំពេញថ្នាក់រាជធានីខណ្ឌ។
ឯកឧត្តមអភិបាលរាជធានី បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះស្ថានភាពលិលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយទឹកជំនន់នេះ អាជ្ញាធររាជធានីភ្នំពេញ បានសុំអន្តរាគមន៏ កងរាជអាវុធហត្ថផ្ទៃប្រទេសផ្តល់អូប័រចំនួន២០គ្រឿង។ក្រៅពីនោះនៅមាន កម្លាំងត្រៀមជួយសង្គ្រោះ ពីស្នងការនគរបាលរាជធានី និងបញ្ជាការដ្ឋានរាជអាវុធហត្ថ ដើម្បី មកសង្គ្រោះប្រជាពលរដ្ឋ។ ជាងនេះទៀត ឯកឧត្តមអភិបាលរាជធានី បានស្នើសុំទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បី សុំអន្តរាគមន៏សុំអូប័របន្ថែម ក្នុង ករណីចាំបាច់ កម្លាំងសង្ក្រោះនឹងដឹកជញ្ជូនប្រជាពលរដ្ឋជន្លៀសមកកាន់ទីទួលសុវត្ថិភាពតែម្តង។
ឯកឧត្តម អភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះប្រុងប្រយ័ត្នខ្ពស់ ខណៈដែលរាជធានីភ្នំពេញមានតំបន់មួយចំនួន បានរងនូវការជន់លិចលង់ដោយទឹកជំនន់ ត្រូវចេះការពារកូនចៅ កុំឲ្យមានលេងនៅតាមដងអូរ ព្រែក ប្រឡាយ ស្ទឹង ដែលមានទឹកកំពុងមានហូរខ្លាំង៕