(ភ្នំពេញ) ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ខែកក្កដា បានចេញសារាចរណែនាំស្តីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចាប់ពីថ្ងៃទី២៨ដល់ទី២៩ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងទេសចរណ៍ បានណែនាំ ដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍ទាំងអស់ នៅទូទាំងប្រទេស ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងចំនួន២ថ្ងៃ ក្នុងនោះរួមមាន១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដោយអនុលោមតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងដើម្បីឲ្យដំណើរការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសារគ្រឿងស្រវឹងនោះ។
សារចរណែនាំរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកឯអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នានានៅទូទាំងរាជធានី-ខេត្ត អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ប៉ុន្តែត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងនៅក្នុងរយៈពេលពីរថ្ងៃនេះ៕