កុំភ្លេចណា ឆ្លងឆ្នាំនេះនៅខេត្តព្រះសីហនុ រៀបចំមិនធម្មតាទេ

0
623

ខេត្តព្រះសីហនុ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យឆ្លងឆ្នាំសកលបានចូលមកដល់ហើយ នៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៩ -២០២០ ។ ជាពិសេសបណ្តាខេត្តនៅតាមតំបន់ឆ្នេរសមុទ្រ ដូចជាខេត្តព្រះសីហនុជាដើម ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំពិធីឆ្លងឆ្នាំសកលនេះ ។ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ខេត្តព្រះសីហនុ ក៏ត្រៀមរៀបចំឱ្យមានភាពអធិកអធម ដោយមានកម្មវិធីសប្បាយៗ ជាច្រើន ដើម្បីរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរទៅទស្សនាកម្សាន្ត នៅទីនោះ ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បានត្រៀមលក្ខណៈជាស្រេច ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានគម្រោងចូលមកទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ។ បុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ អាជ្ញាធរខេត្តបានត្រៀមរៀបចំនូវកម្មវិធីផ្សេងៗ ដើម្បីអបអរឆ្នាំថ្មី ឱ្យមានភាពសប្បាយរីករាយ ។ ក្នុងនោះនៅតាមតំបន់ឆ្នេរសំខាន់ៗ មួយចំនួនរួមមាន៖ ឆ្នេរអូរឈើទាល, ឆ្នេរឯករាជ្យ និង ឆ្នេរ នៅតាមបណ្តាកោះមួយចំនួនក្នុងខេត្តព្រះសីហនុ បានបង្កើតឱ្យមានការប្រគុំតន្ត្រីសម័យ និង តាំងពិព័រណ៍ពាណិជ្ជកម្ម ជូនភ្ញៀវទស្សនាកម្សាន្ត ។

ជាមួយគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា ក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ និង មន្ទីរទេសចរណ៍ ក៏បានចុះផ្សព្វផ្សាយអប់រំដល់អាជីវករបម្រើសេវាទេសចរណ៍ផ្សេងៗ ឱ្យត្រៀមទទួលភ្ញៀវទេសចរឱ្យបានល្អ និង រក្សាតម្លៃលក់ដូរ ដោយមិនតម្លើងថ្លៃផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here