ព្រៃវែង: ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាប្លន់យ៉ាងសកម្មនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ ក្រោមបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង រហូតឈានដល់ចាប់ខ្លួនឈ្មោះ ស៊ន់ ស្រ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មុខសញ្ញានេះជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស នឹងបទល្មើសផ្សេងៗ។ ជននេះតែងតែប្លន់លួច រថយន្តនិងម៉ូតូ តាមបណ្តាខេត្តនានាទូទាំងប្រទេស ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ច្រើនករណី៖
ដីកាទី១ លេខ០៣/១៩ចុះថ្ងៃទី០៥ខែមករាឆ្នាំ២០១៩ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស្រ៊ាង ពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ចេញដោយលោក អាំង សុភា
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត។
ដីកាទី២ បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ដបចព្រ/ទ២០១៩ចុះថ្ងៃទី២២ខែមករាឆ្នាំ២០១៩ ចេញដោយលោក សាំង សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ពីបទប្រើប្រាស់ឯកសារក្លែង។
ដីកាទី៣ បង្គាប់ឲចាប់ខ្លួនលេខ១៧០/១៩ចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស្រ៊ាង ពីបទប្រើប្រាស់ឯកសារក្លែងចេញដោយលោក រស់ បូផាណា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។
ដីកាទី៤ បង្គាប់ឲ្យចាប់ខ្លួន លេខ៤៦២ដកបចខ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាក C125 ពណ៌ខ្មៅសេរី២០២០ លេខតួនិងលេខម៉ាស៊ីន 5609031 គ្មានផ្លាកលេខចំនួន១គ្រឿង។ ផ្លាកលេខម៉ូតូ១៦ផ្លាក កញ្ចក់ម៉ូតូចំនួន៥គូ ស្នើ១០ដុំ សោម៉ូតូចំនួន៤ សោលេខ១២មួយ សោលេខ១៤មួយ។ កាំបិតកៃចំនួន១ វ៉ាលីពណ៌ខ្មៅចំនួន១វិក្កយបត្រពេទ្យ១សន្លឹក ទូរស័ព្ទម៉ាកណូគាពណ៌ខ្មៅ១គ្រឿង ៕