(ភ្នំពេញ) នៅថ្ងៃទី១២ ខែកក្តដានេះ ជាថ្ងៃទី ៦នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ទៀតថា ចំពោះពាក្យបណ្តឹងមានមួយបណ្តឹងនៅខាងស្រុកឡាបានសៀក ខេត្តរតនគីរី អាជ្ញាធរបានប្តឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពាក់ព័ន្ធករណីចាក់មេក្រូនៅទីសាធារណៈ ដោយមិនបានសុំច្បាប់ ទៅអាជ្ញាធរ។
ដោយឡែកសម្រាប់ការឃោសនានៅក្នុងរាជធានីភ្នំពេញ លោកលុន ឆេងកៃ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរការឃោសនាបោះឆ្នោត នៅក្នុងរាជធានីភ្នំពេញប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ដោយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត បានប្រជុំពិភាក្សា យ៉ាងលម្អិតជាមួយគណបក្សនយោបាយ គណៈបញ្ជការឯកភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ស្តីពីវិធានការណ៍ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ។គណបក្សនយោបាយបានគោរពតម្រាយផ្លូវដែលបានជូនដំណឹងមកគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត និងគោរពក្រមសីលធម៌បានល្អ។ គណបក្សនយោបាយបានសហការយ៉ាងល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោត អាជ្ញាធរដែនដី និងគណៈបញ្ជាការឯកភាពគ្រប់កម្រិត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ការឃោសនា របស់គណបក្សនយោបាយរយៈពេល៥ថ្ងៃកន្លងមក ពោលគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកក្កដា គឺបានប្រព្រឹត្តទៅដោយ មានរបៀបរៀបរយ គ្មានការគំរាមកំហែង គ្មានការប៉ះទង្គិចគ្នារវាងគណបក្សនយោបាយនោះទេ។ ដោយអាចសរុបថា រយៈពេល៥ថ្ងៃ នៃការឃោសនា គឺបានប្រព្រឹត្តទៅល្អប្រសើរ។
សូមបញ្ជាកដែរថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕