រាជរដ្ឋាភិបាលចាប់ផ្តើមកែលម្អគុណភាពការផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់ក្រោមជាតិ

0
308

ភ្នំពេញ៖ រាជរដ្ឋាភិបាលចាប់ផ្តើមកែលម្អគុណភាពនៃការផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់ក្រោមជាតិ ដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយ ស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ។

ក្នុងឱកាសជួយពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញនិងក្រុមការងារអន្តរក្រសួង ស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែមករានេះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។ ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់រាជធានីខេត្តនេះថានឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័សនិងប្រកបដោយគុណភាព។
ឯកឧត្តមបានអៈអាងថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាងលើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួនក្នុងការផ្តល់សេវាមិន បានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ជា មួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើន ដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។


សូមបញ្ជាក់ថា ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួនជាង៣១០០០សេវា ហើយទទួលបានទឹកប្រាក់ចូលថវិកាជាតិជាង៤៧៤៤លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here