ពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)

0
320

ភ្នំពេញ៖ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ទំនុកចិត្តតែងតាំងជាអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា ACC។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គណៈកម្មការ ACC ដើរតួនាទីសំខាន់ណាស់ក្នុងការពង្រឹងគុណភាពវិស័យអប់រំកម្រិតឧត្ដមសិក្សានៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមបានផ្ដាំផ្ញើថា ការបង្កើតអង្គភាពនីមួយទាមទារថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដើរទាន់សម័យកាលនីមួយៗ ទាមទារពេលវេលា ការគ្រប់គ្រង និងការចូលរួមទាំងអស់គ្នា។ សូមជម្រាបថាការបង្កើតគណៈកម្មការ ACC មានរយៈពេល១៥ឆ្នាំមកហើយ។

ក្នុងឱកាសនៃការទទួលតំណែងនេះ ឯកឧត្ដម រស់ សុវាចា បានប្ដេជ្ញាចិត្តលើ៧ចំណុចដូចជា៖
– ជំរុញ ACC ពង្រឹងការអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន
– ដឹកនាំការរៀបចំសេចក្ដីព្រាងចុងក្រោយ ផែនទីចង្អុលផ្លូវ និងផែនការយុទ្ធសាស្ត្ររបស់ ACC (២០២០-២០៣០) ដើម្បីស្នើសុំការពិនិត្យ សម្រេច ពីឯកឧត្ដមរដ្ឋមន្ត្រី
– បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់លទ្ធភាពក្នុងនាមជាអគ្គលេខាធិការ ACC ដោយកិច្ចសហការជាវិជ្ជមាន ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រោមកិច្ចសហការរវាងគ្នា និងគ្នា ក្នុងចង្កោម ACC ទាំងមូល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងចង្កោមគ្រួសារ ACC ប្រកបដោយកិច្ចសហការពីសំណាក់ដៃគូអភិវឌ្ឍ ក៏ដូចជាវិស័យឯកជន និងសមាគមគ្រឹះស្ថានឧត្ដមសិក្សានៅកម្ពុជាជាដៃគូយុទ្ធសាស្ត្រ
– លើកកម្ពស់សាមគ្គីភាព និងសមត្ថភាព ACC
– ដឹកនាំ ACC គោរព ទទួល អនុវត្ត សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណរដ្ឋមន្ត្រី លេខ ១៨៨៣ សជណអវ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩
– ដឹកនាំ ACC គោរព ទទួល តាមចំណារឯកភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើលិខិតចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ដីពីលទ្ធផលនៃកិច្ចពិភាក្សាក្រុមការងារផ្នែកអប់រំ នៃវិស័យឯកជនលើសំណូមពរពាក់ព័ន្ធអនុវិស័យឧត្ដមសិក្សា
– ដឹកនាំ ACC លើកកម្ពស់ការចូលរួមពង្រឹងគុណភាពកម្ពុជា តាមគ្រប់រូបភាពដែលធ្វើបាន ក្នុងន័យឆ្លើយតបចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ២០៣០ និង២០៥០ ដោយពង្រឹងការផ្សារភ្ជាប់ផែនការប្រតិបត្តិប្រចាំឆ្នាំនីមួយៗរបស់ ACC ទៅនឹងផែនការយុទ្ធសាស្ត្រអប់រំ និងអាទិភាពកំណែទម្រង់អប់រំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here