កូនប្រុសតិរច្ឆាន កាប់ឪពុកបង្កើត ៤កាំបិតដេកពេទ្យ ដោយសាតែឪពុកស្តីបន្ទោស រឿងផឹកស៊ី

0
224

​(ពោធិ៍សាត់)  កូនប្រុស​តិរច្ឆាន ផឹកស៊ី​ស្រវឹង​ជោកជាំ ហើយ​ត្រូវ​ឪពុក​ស្តីបន្ទោស ក៏​កើត​ជា​កំហឹង ទាញ​កាំបិត កាប់​ឪពុក​បង្កើត​៤​កាំបិត ដេក​ពេទ្យ​ស្រុក​ភ្នំក្រវាញ​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ចុះ​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​យក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្តង ដើម្បី​អនុវត្តន៍​នីតិវិធី​ច្បាប់​។ ប៉ុន្តែ​មក​ដល់​ថ្ងៃទី​៩​កក្កដា លេចឮ​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ​ថា ចង់​សុំឱ្យ​សមត្ថកិច្ច​ដោះលែង តែ​ទោះ​យ៉ាងណាក្តី សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ដោយ​មិន​ទុកឱ្យ​ជនសង្ស័យ​រត់​គេចខ្លួន​បានឡើយ​។​

សូមបញ្ជាក់​ថា ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អណ្តូងច្រុះ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។ ជនសង្ស័យ​ឈ្មោះ​គិត គា​លី ហៅ​ខួច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ពីបទ “​ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ មាន​ស្ថាន​ទម្ងន់ទោស​”​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ស្រវឹង​ជោកជាំ ខណៈ​នោះ​ជនរងគ្រោះ​ឈ្មោះ​ងួន គិត អាយុ​៥៧​ឆ្នាំ ជា​ឪពុក បាន​ស្តីបន្ទោស ហើយ​ក៏​ជនសង្ស័យ​និង​ជនរងគ្រោះ បាន​ប្រកែក​គ្នា ហើយ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​កូន​តិរច្ឆាន​របស់​ខ្លួន រត់​ទៅ​យក​កាំបិត​កាប់​ទៅលើ ឪពុក​បង្កើត ចំនួន​៤​កាំបិត​ចំ​ថ្ងាស​១​កន្លែង​- ចំ​ចិញ្ចើម​ខាងឆ្វេង ១​កន្លែង​-​ចំ ថ្ពាល់​ខាងឆ្វេង​១​កន្លែង និង​ចំ​សៀតផ្កា​១​កន្លែង បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់មក​ក្រុមគ្រួសារ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្រវាញ ហើយ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿងនេះ ។​

លោក​វរសេនីយ៍ទោ តាន់ គា​រិទ្ធ អធិកា​នគរបាល​ស​ស្រុក​ភ្នំក្រវាញ បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ការផ្តល់​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គិត គា​លី យក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here