សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ

0
418

(ភ្នំពេញ) ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ -ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ដែល​បា​ន​ដាក់​ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ឌោះអាសន្នតាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនោះ ត្រូវបា​ន​​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.​ស​ ២៥៦២ ត្រូវ នឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ សម្ដេច​អគ្គ​ម​ហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ មានប្រវែងសរុប ៩៤​២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ក្បាល​ស្ពាន​សងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់​ទីម៉ែ​ត្រ។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៧លានដុល្លារអាម៉េរិក ជាហិរញ្ញ​ប្ប​ទា​ន​សម្ប​ទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ​ដោះ​ស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះបានប្រើពេលសាងសង់ ២៤​ខែ​ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លង​ទៅ​នេះ​។

ឯកឧត្ដមបានឱ្យដឹងដែរថា  ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ គឺជាផ្នែកមួយ​នៃ​គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលគម្រោងទាំងមូលមានប្រវែង​សរុ​ប​ ១៦,៦៧៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្សីនៅត្រង់ភ្លើងស្តុប​រតនា​ផ្លា​ហ្សា​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរត់កាត់តាមបណ្តោយផ្លូវ​ណ័​ដ​ប្រ៊ីឌ (Northbridge) ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់៧មករា មហាវិថីសម្តេចអគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រ​លេ​ខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរ(ផ្នែកខាងជើង) ស្ថិតនៅត្រង់ភូមិតាក្តុល សង្កាត់​តា​ក្តុ​ល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ ១១៥ និងស្ពានតាខ្មៅ ខេត្តកណ្តា​ល​។ ​ស្ពានអាកាសដ៏ថ្មីស្រឡាងនេះ នឹងរួមចំណែកជួយបង្កើនប្រសិទ្ធភាព​នៃការធ្វើ​ដំ​ណើ​រ​ និង ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលធ្វើដំណើរ​ឆ្លង​កា​ត់ ជាពិសេសជួយសម្រួលដល់អ្នកដំណើរទៅ-មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យ​បា​ន​​កាន់ តែងាយស្រួលឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

គួរញ្ជាក់ដែរថា មកដល់បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​ ៦ ​ក​ន្លែ​​​ង​​ហើយ ដែលក្នុងនោះមាន​ទី​១ ស្ពាន​អាកាសក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ទី​២​ស្ពាន​អាកាស​៧​មករា ស្ថិតនៅស្តុ​បពេទ្យ​លោកសង្ឃ​ ទី​៣​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទី​៤ ស្ពា​ន​​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ទី៥ ​ស្ពាន​អាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ នៅ​ស្តុ​ប​​ផ្សារ​ដី​ហុយ​ និង​ទី​៦ ស្ពានអាកាស និងផ្លូវក្រោមដីត្រង់ចំណុចចោមចៅ ដែលបាន​ការដ្ឋាន​ស្ថា​បនាកាលពីចុងសប្ដាហ៍កន្លមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here