(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេបានឮសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរសដែលជាសង្សាររបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថាមានរឿងអ្វីនោះទេ។
អ្នកជិតខាងបានជួយដឹកនារីរងគ្រោះខាងលើជាមួយសង្សារយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថានារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួស ត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេកនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ភ្លាមៗបុរសដែលជាសង្សារក៏បានរត់គេចខ្លួនបាត់។ ករណីបាញ់សម្លាប់នារីដែលជាសង្សារខាងលើនេះនៅមិនទាន់ដឹងអំពីមូលហេតុថាបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែគេដាក់ការសង្ស័យជាជំហានដំបូងថាអាចជាករណីភ្លើងប្រចណ្ឌ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យដើម្បីត្រួតពិនិត្យសាកសព និងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
ដោយឡែកជនដៃដល់សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕