កម្ពុជា និងប្រទេសចិនគ្រោងចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ប្រវែង៤៧.៦០៨គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់វិនិយោគរាប់លានដុល្លារ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២៩ មិថុនានេះ។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បើត្រឹមពឹងផ្អែកលើថវិការបស់សាលាក្រុងមិនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍គម្រោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នោះទេ ដូច្នេះកម្ពុជាត្រូវតែស្វែងរកហិរញ្ញប្បទានបរទេសបន្ថែម។ ហើយពិធីចុះកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងធ្វើឆាប់ៗនេះ ខណៈដែលគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវ៉ាត់ក្រុងទី២កំពុងដំណើរការសាងសង់នៅឡើយ។
ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ មានរចនាសម្ព័ន្ធគម្រោងទីតាំងភូមិសាស្រ្តខេត្តកណ្តាល (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣ក្នុងខេត្តកណ្តាល។
ចំណែកក្រុងភ្នំពេញ មានខណ្ឌចំនួន២ ចាប់ផ្តើមពីPK១៦+៨០០ផ្លូវកប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ និងបញ្ចប់គឺចំណុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។ នៅក្នុងស្រុកស្អាងមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹងមានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។ នៅរាជធានីគម្រោងផ្លូវឆ្លងកាត់ខណ្ឌដង្កោ រួមមានសង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង ខ័ណ្ឌពោសែនជ័យមានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់ស្ពានអាកាសកាត់ផ្លូវជាតិលេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និងស្រុកកៀនស្វាយ ដែលមានទទឹង២៥m និងក្រាលកៅស៊ូអ៊ុត(ASphaltconcrete) នឹងមានលូ១០១កន្លែងមាន២ប្រភេទគឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុងចំនួន៧៣កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រ៕