ឈៀងរ៉ៃ ៖ ភ្លៀងធ្លាក់ឥតឈប់ឈរពេញមួយរាត្រីបានធ្វើអោយកម្ពស់ទឹកនៅខាងក្នុងរូងភ្នំ Tham Luang នៅក្នុងស្រុក Mae Sai កើនឡើងខ្លាំងទោះជាមានការបូមទឹកចេញក៏ដោយដែលជាហេតុធ្វើអោយក្រុមជួយសង្រ្គោះត្រូវបង្ខំចិត្តផ្អាកការរុករកក្មេងទាំង ១២ នាក់និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ។
អាជ្ញាធរបាននិយាយថារូងភ្នំនោះមានចម្ងាយរហូតដល់ ១០ គីឡូម៉ែត្រដែលមានច្រកចូលសំខាន់ៗ ៤ ហើយទឹកជំនន់ស្ទើរតែហូរច្រោះចូលទៅដល់ច្រកចូលសំខាន់ៗនៃរូងភ្នំកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ ហេតុដូច្នេះអ្នកជួយសង្រ្គោះត្រូវតែយកឧបករណ៍របស់ពួកគេចេញពីរងភ្នំហើយរង់ចាំរហូតដល់កម្រិតទឹកជំនន់ស្រកចុះ។ តែយ៉ាងណាមិុញក្រុមអ្នកព្យាករអាកាសធាតុនៅក្នុងតំបន់រំពឹងទុកថាភ្លៀងនឹងបញ្ចប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នៅខាងក្រៅរូងភ្នំក៏មានមន្រ្តីប៉ូលីស ១៣២ នាក់ត្រូវបានដាក់ពង្រាយជាមួយនឹងសត្វឆ្កែហិតក្លិនដើម្បីស្វែងរកច្រកចូលផ្សេងទៀតដើម្បីចូលទៅក្នុងរូងភ្នំនោះ។
លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃបាននិយាយថាអ្នកឯកទេសអាមេរិក ៣០ នាក់មកពីហាវ៉ៃបានមកដល់រូងភ្នំនេះហើយក៏កំពុងសិក្សានិងពិចារណាពីផលរំខានដែលចូលទៅក្នុងរូងភ្នំនេះដើម្បីសង្រ្គោះមនុស្សដែលបានបាត់ខ្លួន។
គួរបញ្ជាក់ផងដែរថាក្មេងប្រុសដែលមានអាយុចន្លោះពី ១១-១៦ ឆ្នាំទាំង ១២នាក់នេះគឺជាសមាជិកនៃក្រុមបាល់ទាត់ក្នុងស្រុកដែលមានរហស្សនាមថា «ជ្រូកព្រៃ» ពួកគេនិងគ្រូបង្វឹករបស់ពួកគេម្នាក់វ័យ ២៦ ឆ្នាំបានចូលទៅក្នុងរូងភ្នំនោះបន្ទាប់ពីការហ្វឹកហាត់បាល់ទាត់រួចកាលពីថ្ងៃសៅរ៍។ កង់,ស្បែកជើង និងកាបូបស្ពាយដែលជារបស់ពួកគេត្រូវបានគេឃើញនៅជិតច្រកចូលនៃរូងភ្នំ៕
Around a dozen navy SEAL divers and other rescuers re-enter a cave in northern Thailand to search for 12 boys and their football coach who have been trapped in a flooded cave since the weekend pic.twitter.com/wlDmtdFYa9
— TRT World Now (@TRTWorldNow) June 26, 2018
ប្រភព ៖ BANGKOK POST
ប្រែសម្រួល ៖ RathDy