(ព្រះសីហនុ) កន្លងមកក៏មានស្នើ និងទាមទារពីបុគ្គលមួយចំនួន ដើម្បីដាក់កំពង់ផែនេះឲ្យនៅក្រោម ការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ប៉ុន្តែសម្តេចតេជោ មិនយល់ស្របឡើយ ព្រោះជាកំពង់ផែរបស់រដ្ឋ ប្រសិនបើដាក់ឲ្យឯកជនគ្រប់គ្រង គឺអាចនឹងបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់។ សម្តេចតេជោ ហ៊ុន សែន បានខិតខំថែរក្សាការពារកំពង់ផែមួយនេះ រហូតទទួលបានជោគជ័យ មកទល់សព្វថ្ងៃ ដែលកំពុងរកចំណូល ចូលប្រទេសជាតិបានយ៉ាងច្រើន។
នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ កំពង់ផែពហុបំណងដែលបាន កសាងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ផែនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីបម្រើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង៣៣០ ម៉ែត្រជម្រៅទឹក១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទាន មានទឹកប្រាក់សរុបចំនួន ប្រមាណ៧៤លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អអន្តរជាតិជប៉ុន(JICA) ក្នុងក្របខ័ណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែពហុបំណង កំពង់ផែក្រុងព្រះសីហនុ រួមជា មួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ៕