អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានឈ្មោះថា «ថៃ ខាង»

0
380

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានឈ្មោះថា «ថៃ ខាង» ក្រោយរកឃើញថាមន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ដែលនាំឲ្យមានភាពចលាចលដល់សង្គម។

ការចុះបិទមន្ទីរពេទ្យរបស់ជនជាតិចិននេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមអាជ្ញាធរមន្ទីរពេទ្យផ្សព្វផ្សាយបំពុលព័ត៌មាននេះ ដំណើរការកន្លងមកពុំទាន់មានលិខិតអនុញ្ញាត ពីក្រសួងសុខាភិបាលនោះទេ។

លោក គួច ចំរើន បានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីកំឡុងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យខាងលើនេះ ដោយមិនមានអាការៈក្តៅខ្លួននោះទេ នៅពេលនោះមន្ទីរពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ បន្ទាប់ពីកើតមានដំណឹងនេះ លោកភិបាលខេត្តបានអន្តរាគមន៍ភ្លាមៗ ដោយសម្រេចយកសំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលជនជាតិចិនរូបនោះ មិនមានវីរុសកូរ៉ូណានោះទេ។

លោកបន្តថា នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ ថៃ ខាង ជាថ្មី ហើយមន្ទីរពេទ្យនេះ នៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ ដោយមិនអស់ចិត្តឈ្មោះ Su YongYun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាក របស់ឈ្មោះ Su YongYun ទៅពិនិត្យជាថ្មីម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលបញ្ជាក់ថា គ្មានវីរុសកូរ៉ូណាទេ។

លោកអភិបាលខេត្តបញ្ជាក់ថា ដោយសារតែការបំភ្លៃព័ត៌មាននេះ បានធ្វើឲ្យមានការចលាចលតៗគ្នា, បើកដំណើរការដោយគ្មានលិខិតអនុញ្ញាតពី ក្រសួងសុខាភិបាលផងនោះ ហើយប្រសិនបើកអ្នកជំងឺនោះមានកូរ៉ូណាពិតមែនហេតុអ្វីមិនព្រមអនុវត្តន៍វិធានការការពារ ដោយទុកអ្នកជំងឺនោះនៅដាច់តែឯង តាមដានរយៈពេល១៤ថ្ងៃសិន ហេតុអ្វីបានជាបណ្តោយឲ្យអ្នកជំងឺ ដើរពាសវាលពាសកាលបែបនេះ។ ដោយសារមូលហេតុនេះហើយ ទើបអាជ្ញាធរសម្រេចបិទមន្ទីរពេទ្យ ថៃ ខាង នេះតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here