សម្ដេចតេជោ អំពាវនាវឱ្យធនាគារ ឯកទេសចូលរួមលើកកម្ពស់វិស័យទេសចរណ៍

0
297

(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យធនាគារឯកទេសទាំងឡាយចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ដោយធ្វើការផ្តល់ប្រាក់ កម្ចីការប្រាក់ទាបឱ្យនិស្សិតបានខ្ចី ដើម្បីបានចូលរៀនក្នុងវិស័យ ទេសចរណ៍ ហើយដែលកិច្ចការនេះ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិភាក្សាជាមួយ ធានាគារឯកទេសនានា ផ្តល់កម្ចីដល់និស្សិតរៀនលើវិស័យទេសចរណ៍ ដើម្បីធានាធ្វើ យ៉ាងណាឱ្យនិស្សិតរៀនចប់មានការងារធ្វើ ហើយមានលទ្ធភាពសង ប្រាក់នោះទៅធានាគារវិញ។

ក្នុងពីធីបិទសន្និសីទអន្តរជាតិលើកទី២ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨– ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន(ASEAN MRA-TP) នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្រ្តីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ជាពិសេសប្រទេសចិន និងប្រទេសជប៉ុនដែលបានចូលរួមក្នុងសន្និសីទនេះ ដែលបានរៀបចំឡើងអស់រយៈពេលពីរថ្ងៃកន្លងមកនេះ។

សម្ដេចតេជោបានលើកឡើងថា សម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏មាន ការរីកចម្រើនផងដែរនៅឆ្នាំ ២០១៧គឺកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ ៥.៦ លាននាក់ក្នុងអត្រា១១.៨ភាគរយ។ នៅឆ្នាំ២០២០ខាងមុខ ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវ ទេសចរអន្តរជាតិប្រមាណ៧លាននាក់, ហើយនៅឆ្នាំ២០២៥ នឹងទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ១០លាននាក់ និងនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១៥លាននាក់ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ក្នុងអង្គសន្និសីទ ដែលក្នុងនោះ គឺ ទី១. ត្រូវយកចិត្តទុកដាក់ចំពោះនិន្នាការវិទ្យាសាស្រ្ត និងបច្ចកវិទ្យានាពេលបច្ចុប្បន្ន ជាពិសេសការ បដិវត្ដន៍ឧស្សាហកម្ម ៤.០ និងការអភិវឌ្ឍន៍ចំនុចសិប្បកម្ម សិប្បនិម្មិត កន្លែងស្នាក់នៅ និងការដឹកជញ្ជូន។ ក្នុងន័យនេះយើងគួរតែធ្វើឱ្យបានច្រើន ដើម្បីចែករំលែកបទពិសោធន៍ និង រឿងរ៉ាវជោគជ័យដើម្បីរៀបចំធនធាន មនុស្សឱ្យបានល្អប្រសើរ។ ទី២. ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅ មកលើអ្នកជំនាញទេសចរណ៍អាស៊ានគឺជាយន្តការមួយ សម្រាប់កែលម្អប្រព័ន្ធបណ្តុះ បណ្តាលជំនាញទេសចរណ៍ ដែលរួមចំណែកដល់ការកាត់បន្ថយ ចំណេះដឹង និងភាពខុសគ្នារវាងអ្នកជំនាញទេសចរណ៍នៅក្នុងតំបន់ដោយជួយសម្រួលដល់ ការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសជាសមាជិក។ ទី៣. ជំរុញបន្ថែមទៀតដើម្បីបង្កើតយន្តការមួយសម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកនូវបទ ពិសោធផ្អែកលើគុណភាព និងក្របខ័ណ្ឌច្បាប់នៃប្រទេសនិមួយៗ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោសូមស្នើឱ្យថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ពិចារណាលើការបន្ថែមជំនាញ ទេសចរណ៍បន្ថែមទៀតទៅឱ្យកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈដែលបច្ចុប្បន្ន នេះមានជំនាញត្រឹមតែ៣២ប៉ុណ្ណោះ។ ទី៤. វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាសកលថាជាវិស័យមួយ ដែលមានការចូលរួមចំណែក ដោយផ្ទាល់និងដោយប្រយោលដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ចូលរួមដើម្បីគាំទ្រដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុង គោលបំណងសម្រេចគោលដៅទាំងនោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២ នេះ ដែលបានផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ រួមគ្នានៃអ្នកជំនាញទេសចរណ៍របស់អាស៊ានដើម្បីលើកកម្ពស់ការងារ និងអ្នកជំនាញនៅក្នុង តំបន់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងទប់ស្កាត់រាល់ផលវិបាកអវិជ្ជមាន ដើម្បីធានាសន្តិភាព ស្ថិរភាពការអភិវឌ្ឍ និងវិបុលភាពនៅក្នុងអាស៊ាន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here