ក្រសួងបរិស្ថាន ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន ២ កន្លែងដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ខេត្តព្រះវិហារ

0
337

ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន ២ កន្លែងដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើ ទាំង ២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំង ជាតំណាង ដើម្បីចូលរួមគ្រប់គ្រងនិងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ ឯកឧត្តមបានថ្លែងថាក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្តក្នុងការចូលរួមកសាងស្ពានក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។

សប្បុរជនដែលមានសមានចិត្តចូលរួមជួយកសាងស្ពានបេតុងក៏ដូចជាជួយគាំទ្រដល់ក្រុមគ្រួសារលោក បេន ដាវីស នៅពេលនេះរួមមានលោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា ហ៊ុន ជា រួមនឹងសប្បុរសជនផ្សេងទៀត។  រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមក្រសួងបរិស្ថាន យើងខ្ញុំសូមអរគុណដល់សប្បុរសជនទាំងឡាយ និងសូមស្វាគមន៍ ចំពោះការចូលរួមវិភាគទានដ៏ថ្លៃថ្លានិងជាប្រយោជន៍សម្រាប់ការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនេះ។ ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់សប្បុរសជាផ្សេងទៀតដែលមានសមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកអាចចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការងារនេះ។ លោកបញ្ជាក់ថា នេះជាទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកក្នុងការកសាងស្ពានសម្រាប់ការធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះ ជាពិសេសគឺជាច្រកចេញចូលទៅទីតាំងដែលលោកបេន ដាវីស គ្រប់គ្រងអភិរក្សនិងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិនៅតំបន់នោះ។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាមមានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែលក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រងនិងអភិរក្សលើផ្ទៃដីចំនួនជាង ៧ ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិនិងជីវៈចម្រុះច្រើនប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាននិងសង្គមបានផ្តល់កញ្ចប់ថវិកាចំនួន ២ ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩ មក ដើម្បីលោកបេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន ៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមាន ប្រវែងប្រមាណ ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន ២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយដែលស្ពានជាទ្រព្យសម្បត្តិសាធារណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ឯកឧត្តមបានថ្លែងថា យើងនឹងមិនលើកលែងឱ្យជនល្មើលដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here