ព្រះសីហនុៈ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅគ្លីនិកសេតេ និងអ្នកម្នាង កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈអ្នករងរបួសចំនួន៥នាក់ទៀត កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗ បន្ទាប់ពីព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តតាក់ស៊ី បើកបុកព្រះទីនាំងរបស់ព្រះអង្គក្នុងពេលស្ដេចយាងទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍បឋមរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ រាយការណ៍ប្រាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ (HightLander) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9667 ជារថយន្តតាក់ស៊ី បើកបរដោយឈ្មោះ វ៉ុល សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដែលដឹកភ្ញៀវចំនួន៤នាក់ ស្រីម្នាក់ បានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា5 2-090 ជិះគ្នា៣នាក់ ដែលជាព្រះទីនាំងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។
របាយការណ៍ដដែល បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសមនុស្សចំនួន៧នាក់ ស្រី២នាក់ ដោយក្នុងនោះ អ្នកម្នាង បានរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងសម្តេចក្រុមព្រះ រងរបួសធ្ងន់ កំពុងសង្គ្រោះនៅគ្លីនិកសេតេ ខណៈអ្នករងរបួសផ្សេងៗទៀត កំពុងបញ្ជូនទៅសង្គ្រោះនៅគ្លីនិកផ្សេងៗ។ ចំណែកអ្នកបើកបររថយន្តតាក់ស៊ី កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន។
គួរជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនប៊ិច ព្រះអង្គយាងជួបសំណេះសំណាលសមាជិកគណបក្សនៅខេត្តកំពត និងខេត្តកែប។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ ព្រះអង្គមានបំណងយាងបន្តដំណើរទៅជួបសំណេះសំណាលជាមួយសមាជិកបក្សនៅខេត្តព្រះសីហនុបន្តទៀត ប៉ុន្តែបែរជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការវាស់វែង និងចាត់ចែងយករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕