(ព្រះសីហនុ) អ្នកបើកឡានតាក់ស៊ី ដែលបង្កគ្រោះថ្នាក់ចរាចរបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព និងធ្វើឱ្យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រងរបួសធ្ងន់នោះ នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ត្រូវបានលោក ប្លង់ វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
មន្ត្រីតុលាការ ថ្លែងថា ជនបង្កឈ្មោះ វ៉ុល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទបើកបរធ្វេសប្រហែសបណ្តាលឱ្យរបួសនិងស្លាប់អ្នកដទៃ តាមមាត្រា៨៣និងមាត្រា៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
លោកចៅក្រម បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ម៉ុល សារ៉េត ទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាន្ន ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា អ្នកបើករថយន្តរូបនេះ ត្រូវបានលោកឲ្យកម្លាំងយកចេញពីមន្ទីរពេទ្យ ទៅបង្ហាញខ្លួននៅតុលាការ ហើយនៅល្ងាចថ្ងៃនេះ ត្រូវតុលាការចេញដីកាឃុំខ្លួនតែម្តង។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួលហាយឡែនឌើ បានព្យាយាមបើកជែងរថយន្តធំមួយបើកក្នុងទិសដៅស្របគ្នាក្នុងទិសដៅពីព្រះសីហនុ មកភ្នំពេញ ក៏ជ្រុលចូលទៅបុកព្រះទីនាំងសម្តេចក្រុមព្រះ ដែលមានទិសដៅផ្ទុយគ្នានោះតែម្តង។
គ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសម្តេចក្រុមព្រះបានរងរបួសធ្ងន់ធ្ងរ។ ដោយឡែក ភាគីរថយន្តហាយឡែនឌើវិញ ដែលមានអ្នកជិះរហូតដល់ទៅ៦នាក់ បានរងរបួសធ្ងន់ស្រាល តែបុរសជនជាតិចិនម្នាក់ ដែលជិះក្នុងរថយន្តហាយឡែនឌើដែរ គឺរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ដោយឡែក អ្នកបើកបររថយន្តសម្តេចក្រុមព្រះ បានរងរបួសស្រាល៕