(រុស្ស៉ី) ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃសៅរ៍ទី១៦ ខែមិថុនា ឆ្នាំ២០១៨ មានរហូតដល់៤គូ ក្នុងនោះមាន៖ បារាំង ឈ្នះអូស្រ្តាលី, អាហ្សង់ទីន ស្មើជាមួយ អាយឡែន, ដាណាម៉ាក ឈ្នះប៉េរូ និង ក្រូអាត ឈ្នះនីហ្សេរីយ៉ា។
ទី១៖ បារាំង ឈ្នះ អូស្រ្តាលី (២-១)
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកនៃពូល C ក្រោយឈ្នះអូស្រ្តាលី ២-១ នៅ World Cup 2018។ កីឡាករខ្សែប្រយុទ្ធ Antoine Griezmann ជាអ្នករកគ្រាប់បែកពងមាន់ ដោយបាល់ប៉េណាល់ទីនៅនាទីទី៥៨ និងរំលងបានតែ៤នាទីអូស្រ្តាលីតាមស្មើ ១-១ វិញ។ ការប្រកួតអូសបន្លាយរហូតដល់នាទីទី៨២ ទើបកីឡាករ Paul Pogba រកគ្រាប់ជ័យជម្នះ ២-១ជួយបារាំងឡើងឈរលេខ១ នៃពូល C បណ្តោះអាសន្ន។
ទី២៖ អាហ្សង់ទីន ស្មើអាយឡែន (១-១)
ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ះ អាយឡែន បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ប្រចាំពូល D នៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
អាហ្សង់ទីន ជាអ្នកស៊ុតគ្រាប់នាំមុខមុន នៅនាទីទី១៩ មុនពេល អាយឡែន តាមបានស្មើវិញ នៅ៤នាទីបន្ទាប់បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង៩០នាទី។ លុះចូលដល់វគ្គទី២ អាហ្សង់ទីន មានឱកាសនាំមុខ តែកីឡាករខ្សែប្រយុទ្ធ Lionel Messi ទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ អត់ចូលនៅនាទីទី៦៤ គួរអោយស្តាយ។
ទី៣៖ ដាណាម៉ាក ឈ្នះ ប៉េរូ (១-០)
ក្រុមបាល់ទាត់ស្ថិតក្នុងទ្វីបអឺរ៉ុប ដាណាម៉ាក បានយកឈ្នះគូប្រជែងប៉េរូ ១-០ ដើម្បីបាន ៣ពិន្ទឡើងទៅឈរលេខ២ ពូល C បណ្តោះអាសន្ននៃ World Cup 2018 នៅរុស្ស៊ី។ ១គ្រាប់ជ័យជម្នះរបស់ដាណាម៉ាក កើតឡើងនៅនាទី៥៩ ដោយកីឡាករ Yussuf Poulsen ក្រោយទទួលបាល់ពី Christian Erikesn។ ជ័យជម្នះនេះក៏ផ្តល់ការខកចិត្ត ដល់ក្រុមពីអាមេរិឡាំទីន ប៉េរូ ខណ:ប៉េណាល់ទី១គ្រាប់អត់ចូល នៅចុងម៉ោងនៃវគ្គទី១ ដោយធ្លាក់ទៅឈរនៅបាតតារាងនៃពូល C ស្របពេលបារាំង លេខ១ បន្ទាប់ពីឈ្នះ អូស្រ្តាលី ២-១។
ទី៤៖ ក្រូអាត ឈ្នះ នីហ្សេរីយ៉ា (២-០)
ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត បានលត់ក្រុមពីអាហ្រ្វិក នីហ្សេរីយ៉ា ២-០ ដើម្បីទទួលបាន ៣ពិន្ទុឡើងឈរកំពូលតារាងនៃពូល D បណ្តោះអាសន្ននៅ World Cup 2018 ។ ក្រូអាតបានក្លាយជាក្រុមទី១ ក្នុងចំណោម ៤ក្រុមស្ថិតក្នុងពូល D ដែលរកបាន ៣ពិន្ទុពេញ ក្រោយពេល អាហ្សង់ទីន និងអាយឡែន មាន១ពិន្ទុ បន្ទាប់ប្រកួតស្មើគ្នា ១-១
កីឡាករខ្សែការពារធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៣២ ធ្វើឲ្យក្រូអាតនាំមុខ ១-០ ក្នុងវគ្គទី១ មុនកីឡាករ Luka Modric បន្ថែមគ្រាប់ទី២ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ នៅនាទីទី៧១ ដើម្បីធានាជ័យជម្នះ ១០០% តែម្តង៕