(ព្រះសីហនុ) យ៉ាងហោចមនុស្សស្រីម្នាក់បានស្លាប់ និងរងរបួសចំនួនបីនាក់ តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថានៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៦:៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៧-១៩៨ ស្ថិតនៅក្នុងភូមិអូរឧកញ៉្ញាហេង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2H-5382 ដឹកកម្មករ (អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ) បានបុកពីខាងក្រោយរថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2F-8521 បើកបរដោយឈ្មោះ សាត គង្គា ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកកម្មករ មានទិសដៅស្របគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ស្រី និង រងរបួសមនុស្សចំនួន ០៣នាក់ស្រី ០២នាក់៖
១-ឈ្មោះ រ៉ា វី ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
២-ឈ្មោះ ហ៊ុច ណែត ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មការីនីរោងចក្រមានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។
៣-ឈ្មោះ ឃុន វិបុល ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។
៤-ឈ្មោះ អ៊ុន សុភាន ភេទ ស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិអូរឧកញ៉្ញាហេង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួស ធ្ងន់ ។
អ្នករងរបួសទាំងអស់បានបញ្ជូនទៅព្យាបាលនៅគ្លីនិកវាលរេញ ចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាងរថយន្តចំនួន ០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕