នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជន កាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជន ដៃគូសហប្រតិបត្តិការជាច្រើននាក់ បានរៀបចំពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ៨៣អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ខួប៨២ យាងចូល ៨៣ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមបួងសួង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជា កូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ៕