ឯកឧត្តម វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ ប៉ុន្តែនៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ឯកឧត្តមនឹងចាកចេញពីប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតសកលរួច។ ដូច្នេះឯកឧត្តមនឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នោះផងដែរ។
ឯកឧត្តម វីលៀម ជេស ឡុងហឹស្ត បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ប៉ុន្តែឆ្នាំ២០១៨នេះ ជាការបោះឆ្នោតសកល ជាបទពិសោធន៍ថ្មីមួយ ដែលឯកឧត្តមនឹងទទួលបាន។ ក្នុងនាមរដ្ឋាភិបាលអង់គ្លេស ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
អ្វីដែលជាសមិទ្ធផលនៅក្នុងរយៈបេសកកម្ម៤ឆ្នាំ មកនេះ ឯកឧត្តម វីលៀម ជេស ឡុងហឹស្ត បានលើកឡើងថា រដ្ឋសភាកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថានទូតអង់គ្លេស។ ស្ថានទូតអង់គ្លេស បានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការពង្រឹងសមត្ថភាពតំណាងរាស្រ្តជាស្រ្តី តាមរយៈការរៀបចំឲ្យមានសិក្ខាសាលាជាច្រើនលើក។
ឯកឧត្តម វីលៀម ជេស ឡុងហឹស្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកអង់គ្លេសបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅអង់គ្លេស ផ្តល់ជំនួយខាងដោះមីន និងសកម្មភាពសង្គមជាច្រើនទៀត ហើយបេសកកម្មនោះនឹងនៅបន្តទៅមុខទៀត។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានជួយគំាទ្រកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា កម្ពុជា-ចក្រភពអង់គ្លេស មានទំនាក់ទំនងការទូត ជាមួយគ្នាជាង៦ទសវត្សរ៍មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជាតិ និងប្រទេសទំាងពីរ បាននាំមកនូវឧត្តមប្រយោជន៍ទៅវិញ ទៅមក ជាពិសេសបានរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា ទំាងពេលបច្ចុប្បន្ន និងអនាគត។
សម្តេចប្រធានរដ្ឋសភា បានជម្រាប ឯកឧត្តមឯកអគ្គរាជទូតថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខ ដែលមានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការកំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យ។ កម្ពុជា ខិតខំរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនកម្ពុជា។
ជាចុងបញ្ចប់សម្តេច បាន ជូនពរឯកអគ្គរាជទូត សូមមានសុខភាពល្អ និវត្តន៍ទៅកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព និងសូមទទួលបានជោគជ័យ ក្នុងបេសកកម្មជាបន្តបន្ទាប់ទៀត។ សម្តេចបានផ្តាំផ្ញើថា ទោះបីបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា ត្រូវបានបញ្ចប់ និងទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងក្តី សូម ឯកឧត្តមនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងជួយផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជន និងអ្នកវិនិយោគិននៅអង់គ្លេស ឲ្យកាន់តែច្រើនថែមទៀត ៕