ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៨នេះ

0
541

(ភ្នំពេញ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័តរួចរាល់ហើយ ដោយបានអនុញ្ញតច្បាប់ ឲ្យក្រុមហ៊ុនចិនមួយឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD. ដើម្បីអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១.៨៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩,៥១៥កន្លែង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Facebook ផ្លូវការរបស់ CDC។

នេះបើតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុក ផ្លូវការរបស់ CDC កាលពីថ្ងៃទី១៤មិថុនា ៖”តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“CAPITAL MINERAL RESOURCES INVESTMENT CO.,LTD.”: គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ១១,៩៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៣កន្លែង។ ២-“CAMBODIAN PPSHV EXPRESSWAY CO.,LTD.”: គម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ “BOT” មានទុនវិនិយោគប្រមាណ ១,៨៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩.៥១៥កន្លែង។ ៣-“ROYAL CERA CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ១៥,៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២៤កន្លែង។ ៤-“TROPICAL FRUIT ASIA (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២៧ ឃុំពើក ស្រុងអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦,៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៨០កន្លែង”។

ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។

ឯកឧត្តមរដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា។

គួររំឭកថា នាអំឡុងពេលដំណើរទស្សនកិច្ចនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង កាលពីដើមឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០.៦៣គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here