ភ្នំពេញ៖កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ក្នុងស្រុកបាធាយខេត្តកំពង់ចាម (ចំណុចបំបែកផ្លូវជាតិលេខ៦១) ទៅអង្គ្រង ខេត្តសៀមរាបមានប្រវែងជាង ២៤៨ គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណជាង ២៤៨,៨ លានដុល្លារគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពិធីនិងប្រារព្ធធ្វើនៅក្នុងពហុកីឡាដ្ឋានថ្មីខេត្តកំពង់ធំ ។
មន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូនកំណាត់ផ្លូវជាតិលេខ៦ នេះ មានប្រវែងជាង ២៤៨ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ២០១៣ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដោយចំណាយថវិកាប្រមាណ ២៤៨,៨លានដុល្លារ។ការសាងសង់ផ្លូវនេះត្រូវបានបែងចែកជា២កំណាត់៖កំណាត់ទី១ ចាប់ពី ថ្នល់កែង-ស្គន់ក្នុងខេត្តកំពង់ចាមប្រវែង២៨,៧២គីឡូម៉ែត្រត្រូវបានសាងសង់ពង្រីកទៅ៤គន្លង។កំណាត់ទី២.ចាប់ពីស្គន់-អង្គ្រង(ផ្លូវ២គន្លង)ប្រវែងសរុប ២១៩,៨គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងផ្លូវដល់១២ម៉ែត្រ ។ ក្នុងនោះពីស្គន់ទៅស្ទឹងសែនខេត្តកំពង់ធំប្រវែង ១០២,៩គីឡូម៉ែត្រ និងចាប់ពីស្ទឹងសែនទៅអង្គ្រង ខេត្តសៀមរាបប្រវែង ១១៦,៩គីឡូម៉ែត្រ។កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co ., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd ។ ផ្លូវជាតិលខ ៦ នេះមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាភាពមមាញឹកនៃផ្លូវនេះគឺតភ្ជាប់ពីទីក្រុងភ្នំពេញរបស់ទៅកាន់ភាគកណ្ដាលនៃប្រទេសនោះគឺឆ្ពោះទៅកាន់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដែលកំពុងតែបន្តកសាងផ្លូវ ៤ គន្លងពីថ្នល់កែងទៅទល់ស្គន់ ហើយចាប់ពីស្គន់ទៅខេត្តសៀមរាបក៏ពង្រីកផ្លូវនេះយ៉ាងធំ។ ផ្លូវនេះជាផ្លូវដឹកជញ្ជូនផងនិងក៏ជាផ្លូវសម្រាប់អ្នកទេសចរណ៍ជាតិ និង អន្តរជាតិធ្វើដំណើរទៅកាន់ក្រុងទេសចរណ៌ផងដែរ ។
គួររំលឹកដែរថាកំណាត់ផ្លូវជាតិលេខ៦ពីព្រែកលៀបរាជធានីភ្នំពេញ ទៅថ្នល់កែង ប្រវែងជាង ៤០គីឡូម៉ែត្រ ដែលពង្រីកដល់៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមកហើយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕