សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួម ត្បាញក្រមាក្រឡាវែងជាងគេ នៅលើកពិភពលោក

0
507

ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃបើកត្បាញជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ មកដល់ព្រឹកនេះ ក្រមាវែងជាងគេបំផុត បានត្បាញរហូតដល់ប្រវែង ១.០១១,៧៨ម៉ែត្រ​ ហើយនេះជាទីដែល​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានត្បាញនៅព្រឹកនេះ។

នៅវេលាម៉ោង៩ព្រឹកថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១ នៃកម្ពុជា ភរិយាដ៏ឧត្តុងឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា អមដោយមន្ត្រីកាកបាទក្រហមកម្ពុជា ជាច្រើនរូប បានអញ្ជើញចូលរួម ត្បាញក្រមាក្រឡាវែងជាងគេ នៅលើកពិភពលោក ដែលរៀបចំនៅលើសួនច្បារព្រះមេរុ មុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង ដើម្បីបង្ហាញពីការរួបរួមកម្លាំង របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សូមជម្រាប​ថា យុទ្ធនាការក្រមា​ “បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក” ត្រូវបាននាំមកជូនបងប្អូនជនរួមជាតិខ្មែរ ទាំងអស់ ក្នុងគោលបំណងធំៗបី រួមមាន​ ៖ ១)​ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ២)​ ជំរុញការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ៣)​ ជំរុញឱ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃធំៗសម្រាប់ជាតិ។


យុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជាក្រោមចលនា “GOGO CAMBODIA” បានរួមគ្នាបង្កើតព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ នៅលើពិភពលោកប្រវែង១.០០០ម៉ែត្រ ក្រោមប្រធានបទថា “ជឿថាខ្ញុំធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន”។ ដើម្បីឈានទៅ “បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក” ត្រូវបានបើកធ្វើឡើងជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា៕

LEAVE A REPLY

Please enter your comment!
Please enter your name here