ភ្នំពេញ៖ ករណីប្រជាពលរដ្ឋរស់នៅភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ បានប្តឹងតារាចម្រៀងព្រាប សុវត្ថិ ករណីយកចញ្ចឹមផ្លូវសាធារណៈដាក់សម្ភារៈ និងបញ្ហាមួយចំនួនទៀត ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពីក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ។
ក្រោយពីមានភាពចម្រូងចម្រាស់ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន, តារាចម្រៀង ព្រាប សុវត្ថិ បានសំណូមពរឲ្យតំណាងប្រជាពលរដ្ឋធ្វើការសុំទោសលោកជាសាធារណៈ ខណៈលោកបានយល់ព្រមអនុវត្តសំណូមពររបស់ប្រជាពលរដ្ឋចំនួន៣ចំណុច ដើម្បីបញ្ចប់បញ្ហា។
លោក ព្រាប សុវត្ថិ បានយល់ព្រមអនុវត្តសំណូមពរ ៣ចំណុច ដូចខាងក្រោម៖
១. ធ្វើការរុះរើសម្ភារៈចេញពីលើផ្លូវសាធារណៈខាងក្រោយដីឡូតិ៍
២. កែសម្រួលការចតរថយន្តនៅលើផ្លូវសាធារណៈ ដែលនាំឲ្យពិបាកក្នុងការចេញចូល និងបញ្ហាសំឡេងរបស់រថយន្ត
៣. កាប់មែកឈើដែលធ្លាក់ទៅលើផ្ទះរបស់ប្រជាពលរដ្ឋចេញឲ្យអស់។
គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមីនា ភាគីទាំងសងខាងយល់ព្រមចំពោះសំណូមពរទៅវិញទៅមក ហើយបន្តរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាង។
គួរជម្រាបថា បើតាមការតវ៉ានោះ អ្នកជិតខាងលោក ព្រាប សុវត្ថិ បានស្នើសុំអាជ្ញាធរមូលដ្ឋានជួយ0ដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុច គឺ ឈប់ឲ្យលោក ព្រាប សុវត្ថិ ធ្វើរបងបំពានលើផ្លូវសាធារណៈ, ឈប់ធ្វើរោងឈើបិទផ្លូវ, ឈប់ចតរថយន្តបិទផ្លូវ គ្មានសណ្ដាប់ធ្នាប់ និងឈប់រោទ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន៕