រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវ ដល់យុវជននិងសិស្សិនិស្សិតត្រូវបណ្ដុះទម្លាប់ នៃការអានអោយបានច្រើន

0
515

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់យុវជន និងសិស្សិនិស្សិតត្រូវបណ្ដុះទម្លាប់នៃការអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើនធនធានមនុស្ស បង្កើនចំណេះដឹង នឹងអាចមានឪកាសទទួលបានការងារធ្វើកាន់តែច្រើននៅក្នុងសង្គម ។

ក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរទិវាជាតិអំណាន លើកទី០៥ ក្រោមប្រធានបទ «ការបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ » និងសម្ពោធការតាំងពិព័រណ៍សៀវភៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំកំពុងលើកកម្ពស់អំណាននៅកម្ពុជា ជំរុញវប្បធម៌អាន លើកម្ពស់សមត្ថភាពអាន និងការតែនិពន្ធ ដើម្បីរួមចំណែកការពារ ពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សនិស្សិត មន្ដ្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា អំណានគឺជាកំណប់វិជ្ជា ដ៏មហាសាល ដូច្នេះយុវជនត្រូវបណ្ដុះទម្លាប់នៃការអាន ដើម្បីបង្កើនការចង់ចាំ និងជាទុនក្នុងការសិក្សា ដើម្បីឈានទៅចាប់យកនូវចំណេះដឹងថ្មីៗនិងទូលំទូលាយបន្ថែមទៀត បើទោះបីជាយុវជនអាន នៅក្នុងវិធីសាស្រ្តណាក៍ដោយ ។

សំឡេង៖ ខ្ញុំសូមអំពាវនាវ សូមឲ្យយុវជនរបស់យើង បន្តការអានឲ្យបានច្រើន ដើម្បីបណ្ដុះបញ្ញា ដើម្បីបង្កើនការស្រាវជ្រាវ ហើយជាពិសេស នៅក្នុងយុគសម័យឌីជីផលនេះ គឺការអានមិនមែនអាន ត្រឹមតែសៀវភៅទេ គឺអានទៅលើឧបករណ៍ផ្សេងៗទៀត ដូច្នេះយើងក៏ត្រូវមានវានុវត្តនៃការច្នៃប្រឌិត ដើម្បីលើកកម្ពស់អំណាននៅកម្ពុជា ។

ឯកឧត្តមបន្ថែមថា សិក្ខាសាលានៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ជាទិវាជាតិអំណាន លើកទី០៥ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍» នៅក្នុងឆ្នាំ២០២០នេះ នឹងមានយុវជនចូលរួម ចន្លោះពី៤-៥ម៉ឺននាក់ ។

សូមបញ្ជាក់ថា ទិវាជាតិអំណានលើកទី៥ ឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃកំណើត សម្តេចព្រះសង្ឃរាជ ជួន ណាត ដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ឋ រដ្ឋអំណាច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញទម្លាប់នៃការអាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here