ត្រៀមខ្លួន ចំពោះការរីករាលដាលនៃ ជំងឺកូវីដ ៖

0
424

នៅតាមប្រទេសធំៗ ដែលមានការរីករាលដាលនៃ វីរុស កូវីដ ១៩ ថ្នាក់ដឹកនាំប្រទេសទាំងនោះ ចាប់ផ្តើមរំសាយ ពិធីបុណ្យធំៗ ដូចជា សាសនា និង ប្រពៃណី កិច្ចប្រជុំនានា ពិសេស គឺ បិទគ្រឹះស្ថានសិក្សា ព្រោះកាលណា មនុស្សជួបជុំគ្នាច្រើន វីរុសនេះងាយនឹងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស ជាក់ស្តែង ករណីប្រទេសកូរ៉េខាងត្បូង ដែលមានករណីឆ្លង ច្រើនបំផុត ចេញពីព្រះវិហារសាសនាគ្រិស្តមួយកន្លែង ហើយ មនុស្សដែលនៅក្នុងព្រះវិហារនៅ ក៏បានចម្លងតៗ គ្នាពីមួយទៅមួយយ៉ាងលឿនបំផុត ដែលពិបាកនឹងទប់ស្កាត់ជាទីបំផុត ។

ករណីប្រទេស តៃវ៉ាន់ និង ថៃ គេបានចេញបំរាមឲ្យប្រជាជនគេ ដែលបានធ្វើដំណើរចេញ ពីក្រុមប្រទេស ដែលកំពុងមានការឆ្លងនិងរីករាលដាលនៃ ជំងឺកូវីដ ១៩ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ ។ល។ គួរសំរាកនៅផ្ទះ ១៤ ថ្ងៃសិន ហើយ កុំចេញដើរទៅណា ពិសេសទៅទីប្រជុំជន មានមនុស្សកកកុញ ចៀសវាង ចម្លងទៅអ្នកដទៃ ប្រសិនណា គាត់មានផ្ទុកវីរុស តែមិនទាន់ចេញរោគសញ្ញា ។

ថ្នាក់ដឹកនាំប្រទេសទាំងនោះ បានប្រាប់ទៅអ្នកដែលសំរាកនៅផ្ទះ ១៤ ថ្ងៃថា អ្នកគួរទំនួលខុសត្រូវចំពោះខ្លួនឯង និង ទំនួលខុសត្រូវ ចំពោះសង្គម ។

Reflection for Cambodia

តើយើងគួរមានវិធានការណ៍ យ៉ាងដូចម្តេច ដើម្បីកុំឲ្យករណីអស់ទាំងនេះកើតឡើងនៅកម្ពុជា ?

ផ្អែកតាមហេតុការណ៍ ដែលកំពុងកើតឡើងនេះ អ្នកគ្រប់គ្នាគួរ ផ្លាស់ប្តូរឥរិយាបទមួយចំនួនដូចជា មិនត្រូវខាកស្តោះពាសវាលពាសកាល ពេលដែលយើងផ្តាសាយ ។ អ្នកដែលដឹងថាខ្លួនមានជំងឺផ្តាសាយធម្មតាហើយ គួរពាក់ម៉ាស ចៀសវាង កណ្តាស់តាមទីសាធារណៈ ហើយចម្លងទៅអ្នកដទៃ ។ ទម្លាប់លាងដៃឲ្យបានញឹកញាប់ ហើយ កុំយកដៃ ប៉ះច្រមុះ មាត់ និង ភ្នែក ព្រោះវាងាយនឹងឆ្លង មិនថា ផ្តាសាយធម្មតា ឬ កូវីដ ១៩ ។

អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់ជាងគេ គឺ អ្នកដែលប្រកបមុខរបរផ្តល់សេវាកម្ម ដូចជា Tour Guide អ្នកទទួលបដិសណ្ឋារកិច្ច អ្នករត់ PassApp អ្នករត់តាក់ស៊ី បុគ្គលិកភោជនីយដ្ឋាន ជាដើម បើដឹង ថាខ្លួនមានអាការៈ ក្តៅខ្លួន ក្អកគ្មានស្មេស ពិបាកដកដង្ហើម ថប់ៗទ្រូង ហើយ កន្លងមក ធ្លាប់បានដឹក ឬ ជួបភ្ញៀវទេសចរណ៍ ដែលមកពីក្រុមប្រទេស ដែលមានការរីករាលដាលខ្លាំងនៃ ជំងឺ កូវីដ ១៩ ត្រូវ ប្រញាប់ជាបន្ទាន់ ដោយទាក់ទង ទៅក្រសួងសុខាភិបាល ឬ មន្ទីរពិសោធន៍ប៉ាស្ទ័រ ។ ចៀសវាងដាច់ខាត ការធ្វើដំណើរតាមរថយន្តក្រុង បើសិនជាខ្លួនត្រូវទៅពិនិត្យនៅភ្នំពេញ ។ សូមទាក់ទង ឡានពេទ្យឲ្យមកទទួល ដើម្បីសុវត្ថិភាពជនរួមជាតិដែលមិនដឹងអី បើយើងប្រហែស គិតមិនដល់ នោះយើងបានបង្កើតកំហុសដ៏ធំ ដែលធ្វើឲ្យយើង ក្លាយទៅជាមនុស្សគ្មានទំនួលខុសត្រូវ ចំពោះសង្គម ។

ចំពោះថ្នាក់ដឹកនាំរដ្ឋ ៖

១. តើគួរមានវិធានការណ៍ យ៉ាងណា ចំពោះជនជាតិខ្មែរនិងជនបរទេសដែលចេញចូលក្រុមប្រទេស ដែលមានការរីករាលដាលនៃវីរុសកូវីដ ១៩ ? # សូមកុំចាត់វិធានការណ៍ ក្រោយសោកនាដកម្មបានកើតឡើងទៅហើយ ។ ត្រូវត្រៀមជើងព្រួលមុនអ្វីៗ កើតឡើង ដែលពិបាកនឹងព្យាករណ៍បាន ។ ពិសេសធ្វើអ្វីៗ កុំប្រមាថ ស្ថានការណ៍

២. បើការរីករាលដាលនៃ ជំងឺ កូវីដ១៩ នៅជុំវិញពិភពលោក និងប្រទេសជិតខាងយើង មិនទាន់មានសញ្ញាណស្រាកស្រាន្តទេ សូមពិចារណាឡើងវិញ ពីការរៀបចំបុណ្យធំៗ ដូចជា បុណ្យទន្លេ នៅបាត់ដំបង ដែលនឹង ចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអាចនឹងមានមនុស្សរាប់សែនទៅចូលរួម ទាំងជាតិ និង អន្តរជាតិ ។ ពិចារណា អំពីការរៀបចំសង្ក្រាន្តឆ្នាំថ្មីតាមខេត្ត តើគួរលុបវាចោលទេ ? បើមានការផ្ទុះរីករាលដាលតើយើងមានគ្រែអ្នកជម្ងឺ រាប់ពាន់សម្រាប់ត្រៀមទុកទេ ចុះឧបករណ៍ពេទ្យបន្ទាន់? បើមានរឿងនេះកើតឡើងអ្នកណាចេញមុខទទួលខុសត្រូវ មិនមែនចេញ មុខបង់លុយដល់ក្រុមគ្រួសារជនរងគ្រោះដូចរាល់ដង ហើយត្រលប់ជារួចខ្លួននោះទេ ។

ករណីជប៉ុន ដែលឆ្នាំនេះមានមុខមាត់ធ្វើជាម្ចាស់ផ្ទះការប្រកួតអូឡាំពិច ឆ្នាំ ២០២០ ក៏មានគម្រោង លុបមហាព្រឹត្តិការណ៍នេះចោលដែរ ព្រោះបើមានការចូលរួមរបស់មនុស្សពីនានាប្រទេស មកទស្សនា ហើយ មានអ្នកផ្ទុកវីរុស កូវីដ ១៩ នោះអ្វីៗនឹងចប់ ទប់លែងឈ្នះ ព្រោះការ រីករាលដាលវាលឿនបើមនុស្សនៅកកកុញ ច្រើនគ្នាបែបនេះ ។

ករណីប្រទសថៃ ៖ គេបានលុបចោលពិពណ៌សៀវភៅថ្នាក់ជាតិរបស់គេដែលកន្លងមកធ្លាប់មានមនុស្សម្នាមកទិញសៀវភៅចន្លោះពី ១ ទៅ ២ លាននាក់ ។

ចាំណា ពេលខ្លះ ហេតុតែចង់សប្បាយ តែវាបានក្លាយជាមហាទុក្ខទៅវិញ ។

ដោយក្តីព្រួយបារម្ភ!

ពីក្រុមការងារ eBook Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here