ភ្នំពេញៈ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ស្រ្តីជនជាតិថៃ២នាក់ និងកុមារាម្នាក់ ត្រូវ ចាប់ខ្លួននៅព្រលានយន្តហោះភ្នំពេញ ក្រោយឆែករកឃើញគ្រឿងញៀនជាង៤គីឡូក្រាម លាក់ទុកក្នុងអាវរងា។សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះថា ស្ត្រីជនជាតិថៃ២នាក់ និងកុមារាម្នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីពួកគេរត់ពន្ធគ្រឿងញៀនជាង៤គីឡូក្រាម ដោយលាក់ទុកក្នុងអាវរងា នៅពេលធ្វើដំណើរចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្ពោះមករាជធានីភ្នំពេញ តាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA។ ពាក់ព័ន្ធករណីខាងលើសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យដែលឃាត់ខ្លួន រួមមាន
ទី១.ឈ្មោះ Sorenson Ruthairat ភេទស្រី អាយុ៣៨ឆ្នាំ ទី២.ឈ្មោះ Tobggoon Wprapha ភេទស្រី អាយុ៤២ឆ្នាំ និងទី៣. កុមារាឈ្មោះ Kimboon Tachasit។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្រ្តីថៃទាំង២នាក់ និងកុមារាម្នាក់ខាងលើរួចមក កម្លាំងបានរឹបអូសគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់សរុប៤៥០៧,២០ក្រាម។ មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចលម្អិតរឿងនេះបានទេ ដោយអះអាងថា កំពុងបើកការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕