លោក Pep Guardiola បានបង្ហាញឲ្យឃើញពីភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់គាត់ជាមួយក្រុមមេឃខៀវ Manchester City បន្ទាប់ពីគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបានប្រកាសថាខ្លួនមានក្ដីស្រមៃក្នុងការដឹកនាំក្រុមជម្រើសជាតិ។
Pep ដែលបានជួយឲ្យ Man City លើកពាននៃលីកកំពូលរបស់អង់គ្លេស «Premier League» កាលពីរដូវកាលមុនរូបនេះធ្លាប់បានឈ្នះពានរង្វាន់ចំនួន ២៤ រួចមកហើយក្នុងរយៈពេល ១១ ឆ្នាំនៃអាជីពជាគ្រូបង្វឹកក្លិបបាល់ទាត់ ប៉ុន្តែពេលនេះគាត់ហាក់ដូចជាចង់ទទួលជោគជ័យជាមួយក្រុមជម្រើសជាតិវិញម្ដង។ ថ្លែងទៅកាន់ HLN នៅឯប្រទេសប៊ែលហ្ស៊ីក គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះបាននិយាយថា ៖ “តើមានគ្រូបង្វឹកជោគជ័យរូបណាដែលមិនចង់ទៅដឹកនាំក្រុមជម្រើសជាតិនោះ? ខ្ញុំចង់ដឹកនាំនៅក្នុងការប្រកួត World Cup ឬក៏ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបម្ដងទៀត។”
“សម្រាប់ពេលនេះ។” គាត់បន្ត។ “ខ្ញុំមិនទាន់ចង់ចាកចេញពីកន្លែងដែលខ្ញុំកំពុងស្ថិតនៅទេ។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយមានគេផ្ដល់សំណើមួយមកឲ្យខ្ញុំ នោះច្បាស់ណាស់គឺខ្ញុំមិនបដិសេធទេ។”
កាលនៅជាកីឡាករ Pep ធ្លាប់បានចូលរួមការប្រកួតពានអន្តរជាតិធំៗជាមួយជម្រើសជាតិបានតែ ២ ដងឲ្យគត់ គឺនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ នៅសហរដ្ឋអាមេរិក និងការប្រកួតពាន Euro ឆ្នាំ ២០០២ នៅហូឡង់ និងប៊ែលហ្ស៊ីក។
ហើយអតីតអ្នកដឹកនាំក្រុមអ្នកមានបុណ្យ Barcelona និង Bayern Munich រូបនេះបានផ្លាស់មកកាន់ការងារនៅទឹកដី Etihad របស់ Man City កាលពីឆ្នាំ ២០១៦ និងបានចុះហត្ថលេខាតកុងត្រាថ្មីដល់ឆ្នាំ ២០២១ កាលពីចុងរដូវកាលមុន គឺនៅពេលដែលក្រុមរបស់គាត់លើកពាន League Cup និង Premier League ។
ប្រែសម្រួល ៖ ភក្ដី