ភ្នំពេញ៖ ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារនិងទិវាកុមារកម្ពុជា ឆ្នាំ២០១៨ ត្រូវបានប្រារព្ធក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ និងទប់ស្កាត់គ្រោះថ្នាក់ការងារនិងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ”។
ក្នុងលិខិតចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកដែរថា ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្តានុពលនោះ ការផ្តល់ការការពារ និងអភិវឌ្ឍន៍កុមារ គឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តន៍តាមបែបពហុវិស័យបញ្ចូលគ្នា ហើយសកម្មភាពអាទិភាពទាំងឡាយ ដែលត្រូវអនុវត្តន៍រួមមាន ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ការកែលម្អយន្តការពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍន៍សមត្ថភាព ការពង្រឹងសេវាអប់រំ ការការពារ និងថែទាំសុខភាពដល់កុមារ ការផ្តល់ការអប់រំមូលដ្ឋានឲ្យបានទាន់ពេលវេលាដល់កុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ កុមារងាយរងគ្រោះ និងកុមារដែលមានជីវភាពក្រីក្រ។
សម្តេចតេជោ ស្នើឲ្យរួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ លើកកម្ពស់ការថែទាំកុមារដើម្បីសុខុមាលភាពក្នុងសង្គម វិនិយោគលើការអប់រំរបស់កុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ លើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម រួមគ្នាបង្កើតការយកចិត្តទុកដាក់លើកុមារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងគោលដៅឆ្ពោះទៅរកការបញ្ឈប់ពលកម្មកុមារ រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ កុមារជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ កុមារបីល្អ កូនល្អ សិស្សល្អ មិត្តល្អ ជាអនាគតរដ្ឋល្អ។
ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីរំលឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះ កុមារត្រូវទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនា ដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិរបស់កុមារមិនត្រូវបានយកចិត្តទុកដាក់ និងធ្លាក់ក្នុងស្ថានធ្ងន់ធ្ងរបំផុត។ ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមានសិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើង ដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈប្រធានបទនៃទិវាកុមារអន្តរជាតិនេះ គឺជំរុញឲ្យរាជរដ្ឋាភិបាលខិតខំឲ្យបានខ្លាំងក្លាថែមទៀត លើការអនុវត្តន៍សិទ្ធិចម្បងទាំង៤របស់កុមារ (សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និង សិទ្ធិនៅក្នុងការចូលរួម) ឲ្យមានប្រសិទ្ធភាពក្នុងនោះសិទ្ធិទទួលបានការការពារ គឺជាសិទ្ធិអាទិភាពចម្បងមួយ ដើម្បីការពារកុមារឲ្យរួចផុតពីហានិភ័យផ្សេងៗ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុកដាក់ចំពោះកុមារដែលគ្មានគ្រួសារសាច់ញាតិ និងកុមារចំណាកស្រុកជាដើម។
សម្តេចតេជោ បានថ្លែងថា ការវិនិយោគជាមួយកុមារ គឺជាការងារអាទិភាព ការវិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពលនាពេលអនាគត ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ កិច្ចការពារកុមារគឺជាការងារពហុវិស័យដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់ តាមជំនាញរៀងៗខ្លួន លើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលជំនាញ លើកកម្ពស់សុខុមាលភាពសង្គមសម្រាប់កុមារ ពង្រឹងកិច្ចការពារ និងបង្ការទប់ស្កាត់កុមារពីអំពើហិង្សា និងការងារប្រកបដោយគ្រោះថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយរួមទាំងការពង្រឹងយន្តការជាដើម។
ដើម្បីធានាថាកុមារត្រូវបានការពារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៧ចំណុចឲ្យភាគីពាក់ព័ន្ធទាំងអស់ប្រឹងប្រែងរួមគ្នាអនុវត្តន៍។ ភាគីទាំង៧ចំណុចនោះរួមមាន៖
១. ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារកុមារមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងនូវលិខិតបទដ្ឋានគតិយុត្តបន្ថែម ដើម្បីឲ្យប្រព័ន្ធកិច្ចការពារកុមារលក្ខណៈគ្រប់ជ្រុងជ្រោយ។
២. ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬ មនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេអំពីការរំលោភបំពានដល់ពួកគេតាមគ្រប់រូបភាព។
៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអិការកិច្ចពលកម្មកុមារ ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ។
៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញកុមារដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការអប់រំរៀនសូត្រតាមគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់កុមារ ដែលជាជនពិការឲ្យទទួលបានលទ្ធភាពក្នុងការសិក្សា។
៥. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណអំពើរំលោភបំពានលើកុមារ និងការលើកកម្ពស់ការយល់ដឹងចំពោះផលប៉ះពាល់អវិជ្ជមាននៃអំពើរំលោភបំពាន និងផ្តល់ភាពក្លាហានដល់កុមារ និងគ្រួសារក្នុងការរាយការណ៍អំពីការរំលោភបំពាននានា។
៦. គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការយកចិត្តទុកដាក់លើកស្ទួយវិស័យសុខុមាលភាពកុមារនៅកម្ពុជា ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។
៧. បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់សេវានានា របស់កុមារដោយបន្តបង្កើនការវិនិយោគលើកុមារ ដែលជាតម្រូវការចាំបាច់បំផុតរបស់មនុស្ស៕