លោក Zinedine Zidane បានប្រកាសលាលែងពីដំណែងគ្រូបង្វឹកនៃក្រុមយក្សស Real Madrid បន្ទាប់ពីដឹកនាំបាន ៣ ឆ្នាំ និងជួយឲ្យក្រុមយក្សរបស់អេស្ប៉ាញមួយនេះលើកពាន Champions League ៣ រដូវកាល។ Zidane ត្រូវបានគេដឹងថាកុងត្រារបស់គាត់ជាមួយ Real Madrid គឺមានសុពលភាពរហូតដល់ឆ្នាំ ២០២០ ឯណោះ។ តែទោះជាយ៉ាងណាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានសុំលាលែងតំណែង ក្រោយពី Real Madrid ផ្ដួលហង្សក្រហម Liverpool លើកពាន Champions League កាលពីប៉ុន្មានថ្ងៃមុននេះ។
បីរដូវកាលក្រោមការដឹកនាំរបស់អតីតខ្សែបម្រើនៃក្រុមជម្រើសជាតិបារាំងរូបនេះ Real Madrid មិនដែលស្គាល់ពាក្យថាធ្លាក់ចេញពីការប្រកួតនៃពានរង្វាន់លីកកំពូលរបស់អឺរ៉ុបមួយរដូវកាលណាឡើយ និងថែមទាំងបានលើកពាននៃលីកកំពូលរបស់អេស្ប៉ាញ «La Liga» បានចំនួនម្ដងផងដែរ។
“ការសម្រេចចិត្តលាលែងពីតំណែងនេះគឺដើម្បីប្រធានក្លិប លោក Florentino Perez និងដើម្បីក្រុមកីឡាករ Real Madrid ។” Zidane បានថ្លែងទៅកាន់អ្នកពត៌មាន។ “វាគឺជាការសម្រេចចិត្តដ៏ចំលែកមួយ ប៉ុន្តែវាជារឿងសំខាន់ និងត្រូវបានធ្វើសម្រាប់អ្នករាល់គ្នា។”
“Real Madrid ត្រូវតែបន្តការឈ្នះ ហើយក៏ត្រូវតែមានការផ្លាស់ប្ដូរផងដែរ។” គាត់បានបន្ត។ “បន្ទាប់ពីរយៈពេល ៣ ឆ្នាំ ពួកគេត្រូវការសម្លេងថ្មីមួយ ហើយប្រហែលជារបៀបធ្វើការថ្មីមួយផងដែរ។”
អតីតកីឡាករ Real Madrid រូបនេះបានបន្ថែមទៀតថា ៖ “ខ្ញុំស្រលាញ់ក្លិបមួយនេះ ហើយខ្ញុំស្រលាញ់ប្រធានក្លិបដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានក្លាយជាកីឡាករ និងបន្ទាប់មកក្លាយជាអ្នកចាត់ការ។ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់។ ប៉ុន្តែពេលនេះយើងត្រូវតែធ្វើការផ្លាស់ប្ដូរ ដែលនោះហើយជាមូលហេតុដែលខ្ញុំជ្រើសយកការសម្រេចចិត្តមួយនេះ។”
ប្រែសម្រួល ៖ ភក្ដី