ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ពិសេសគឺផ្តោតសំខាន់លើកិច្ចការពារសន្តិសុខ សុវត្ថិភាពក្នុងការបោះឆ្នោត នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី៣០ ឧសភា២០១៨នេះ ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតិភាពឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានី ឯកឧត្តមឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ជួន សុវណ្ណស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ផងដែរ។
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រឹងបន្ថែមទៅលើបញ្ហា កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង និងការផ្ទៀងផ្ទាត់ឡើងវិញ ជុំវិញលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាអាទិភាពនាពេលកន្លងមកនេះ ។
ក្នុងអង្គប្រជុំនោះលោកជួន សុវណ្ណស្នងការរាជធានីភ្នំពេញ ក៏បានរាយការណ៍ពីផែនការ ក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកអភិបាលខណ្ឌទាំង១២ក៏បានលើកឡើងពីសភាពការណ៍ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លូននីមួយៗផងដែរ ដើម្បីរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាអោយភូមិសង្កាត់មានសុវត្ថិភាព បង្កើតអោយបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ ៕