ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី ៣០ឧសភា ឆ្នាំ២០១៨នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសគ្រូហោរ៉ាអាគ្គីនេត្រ ដាក់ពន្ធនាគារកំណត់៣ឆ្នាំ និងពិន័យប្រាក់ចំនួន៤លានរៀលដាក់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន យោងតាមមាត្រា៤០នៃច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ។
ជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ាអាគ្គីនេត្រ បានសារភាពនាពេលសវនាការថា ខ្លួនគេពិតជាបានលក់គ្រឿងញៀនពិតប្រាកដមែនដើម្បីយកប្រាក់ចិញ្ចឹមជីវិត ។
ជនជាប់ចោទ វ៉ាន់ សុខសីហា ត្រូវចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាសម្រេច បង្គាប់ឱ្យឃុំខ្លួនដាក់ ពន្ធនាគារបណ្ដោះអាសន្នកាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រូវបានលោក កុល ប៊ុន ព្រះរាជអាជ្ញារងអម សាលាដំបូង សម្រេចចោទប្រកាន់ឈ្មោះ វ៉ាន់ សុខ សីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន៕