អភិបាលរាជធានីភ្នំពេញ បានជំរុញដល់ អាជ្ញាធរដែនដី ត្រូវជួយផ្សព្វផ្សាយ ឲ្យម្ចាស់ អចលនទ្រព្យ ទៅបង់ពន្ធ ខណៈរាជរដ្ឋាភិបាលអនុគ្រោះដល់ ចុងឆ្នាំ២០១៨

0
299

(រាជធានីភ្នំពេញ) នៅក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយបន្ត ផ្តល់ការអនុគ្រោះបង់ព​ន្ធប្រថាប់ត្រាតែមួយដង ចំពោះ ការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យ ដែលបានចុះបញ្ជីរួចរាល់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់ អាជ្ញាធរដែនដី គ្រប់លំ ដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយ ឲ្យម្ចាស់អចលនទ្រព្យ ប្រញាប់ទៅបង់ពន្ធ ប្រថាប់ត្រា ខណៈ ដែលរាជរដ្ឋាភិបាល សម្រេចអនុគ្រោះឲ្យបង់ពន្ធត្រឹមម្ចាស់ចុងក្រោយ ដល់ចុងឆ្នាំ២០១៨ ។

 ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា “ចំណុចនេះ ពឹងផ្អែកសំខាន់ណាស់ ទៅលើអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលត្រូវតែផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋ” ។

ជាមួយយុទ្ធនាការរផ្សព្វផ្សាយបន្តផ្តល់ការអនុគ្រោះ បង់ព​ន្ធប្រថាប់ត្រាតែមួយដង ចំពោះ ការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យ ដែលបានចុះបញ្ចីរួចរាល់នេះ ឯកឧត្តម ឃួង ស្រេង បានជំរុញ ឲ្យមន្ត្រីថ្នាក់ភូមិ ឃុំ សង្កាត់ ស្រុក ឬក្រុង ឲ្យមានការប្រជុំតាមភូមិ ធ្វើយ៉ាងណា ប្រជូនការ ផ្សព្វផ្សាយនេះ ឲ្យដល់ប្រជាពលរដ្ឋ ដែលអាចធ្វើទៅបាន និងបានកំណត់ ឲ្យសង្កាត់នីមួយៗ ត្រូវមានសកម្មភាព និងក្រោយពីប្រជុំនេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី ត្រូវសរសេរ ពីកិច្ចការងារ ដែលត្រូវផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋនេះ ទៅបណ្តាលខណ្ឌទាំងអស់ ឲ្យបាន ឯកភាពគ្នា ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា “តាមការពិនិត្យកន្លងមកនេះ មានអ្នកខ្លះជំពាក់ពន្ធ ៣ ទៅ៤ដង ព្រោះយើងលក់តៗគ្នា ហើយមិនបានបង់ពន្ធជូនរដ្ឋ មិនបានបំពេញកាតព្វកិច្ច កន្លែងខ្លះ ក៏ផ្ទេរសិទ្ធិត្រឹមខណ្ឌ ផ្ទេរសិទ្ធិត្រឹមសង្កាត់ កន្លែងខ្លះ ក៏មិនបានបង់ពន្ធ តាំងពីដើមមក ប៉ុន្តែដោយយល់ឃើញ ពីជីវភាព និងចំណុច ខ្វះខាត របស់ប្រជាពលរដ្ឋ ទើបសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តថា កាត់បន្ថយពន្ធនេះ ឲ្យនៅត្រឹមបង់តែម្តង” ។

សូមរំលឹកថា ដោយពិនិត្យឃើញការលំបាក របស់ប្រជាពលរដ្ឋ និងក្នុងគោលដៅជួយ សម្រួល ដល់កម្មសិទ្ធិករចុងក្រោយដែលត្រូវទទួលបន្ទុក បង់ពន្ធប្រថាប់ត្រា ច្រើនដងតាម គ្រប់ដំណាក់ កាលនៃការផ្ទេរអចលនទ្រព្យ ជំនួសអ្នកមុនៗ ដែលនៅសេសសល់ ពីការអនុគ្រោះកន្លងមក ដើម្បីឲ្យមានលទ្ធភាពបង់ពន្ធ និងទទួលបានប័ណ្ណកម្មសិទ្ធិ​ ស្របច្បាប់ សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ផ្សេងៗក៏ដូចជាបន្តជំរុញឲ្យម្ចាស់អចលនទ្រព្យ មកបង់ពន្ធប្រថាប់ត្រា បានគ្រប់ៗ គ្នា ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចបន្តអនុគ្រោះឲ្យបង់ពន្ធ ប្រថាប់ត្រាតែមួយដង ចំពោះ ការផ្ទេសកម្មសិទ្ធិ អចលនទ្រព្យ ដែលបានចុះបញ្ជីរួច (មានប័ណ្ណកម្មសិទ្ធិ) ហើយបានផ្ទេរ ទាំងស្រុង ឬពុះឡូតិ៍ ឬបំបែកក្បាលដី បន្តដៃគ្នា ពីម្នាក់ទៅដៃម្នាក់ច្រើនដង តាមរូបភាពជាការ ទិញ-លក់ ឬការដោះដូរ ឬជាប្រទានកម្ម ឬជាសន្តតិកម្ម នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុង ខណ្ឌ ដែលបានធ្វើឡើង មុនឆ្នាំ២០១៧ ។

សូមបញ្ជាក់ដែរថា ការអនុគ្រោះ ឲ្យបង់ពន្ធតែមួយដងនេះ មានសុពលភាព អនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដូចគ្នានឹងការអនុគ្រោះ ចំពោះការផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ពុំបានចុះបញ្ជី (គ្មានប័ណ្ណ កម្មសិទ្ធិ) ដែរ ។ ដោយឡែកការអនុគ្រោះនេះ មិនមានអានុភាព ប្រតិសកម្មចំពោះប្រាក់ពន្ធ និងប្រាក់ទោសទណ្ឌផ្សេងៗ ដែលបានបង់រួចហើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here