ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី២៩ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រារព្ធពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ ។ ពិធីចាប់លេខរៀងគណបក្សនយោបាយក្រោមការនិមន្តក្រោមអធិបតីភាពសម្តេចសង្ឃរាជទាំង២គណៈ ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ការចាប់លេខរៀងគណបក្សនយោបាយនេះបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ជាផ្លូវការ ចុះបញ្ជីគណបក្សនយោបាយចំនួន២០សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។គ.ជ.ប បានឲ្យដឹងថា ការចាប់លេខរៀងគណបក្សនយោបាយនេះធ្វើឡើងដោយយោងតាមប្រការ៤.១៦នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ការចាប់លេងនេះទៀត និងប្រព្រឹត្តិ វេលាម៉ោង៨និង៣០នាទីនៅទីស្តីការក្រសួងមហាផ្ទៃ ។ ប្រភពបានបញ្ជាក់ថា «ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើកសន្លឹកឆ្នោត ដោយក្រោមព្រះវត្តមានសម្តេចព្រះសង្ឃរាជទាំង២គណៈ ។ ហើយលោកប្រធាន គ.ជ.ប លោកស៊ិក ប៊ុនហុកនឹងថ្លែងបើកកិច្ចពិធីនេះ» ។
សូមជម្រាបការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ មានគណបក្សនយោយបាយចំនួន២០ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងសន្លឹកឆ្នោត ។គណបក្សទាំងនោះត្រៀមខ្លឹមសារគោលនយោបាយ ដើម្បីបង្ហាញជូនម្ចាស់ឆ្នោតរួចហើយ គណបក្សប្រជាជនកម្ពុជានៅតែបង្ហាញក្តីសង្ឃឹមក្នុងការឈ្នះឆ្នោតអាណត្តិទី៦ ដើម្បីដឹកនាំរដ្ឋាភិបាលបន្តទៀត ៕