ឯកអគ្គរាជទូតថៃថ្មី សរសើរពីស្ថិរភាព សន្តិភាព និងយុទ្ធសាស្រ្តឈ្នះឈ្នះនៅកម្ពុជា

0
276

នៅពេលចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់(Panyarak Poolthup) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចំានៅកម្ពុជា បានលើកឡើងថា ឯកឧត្តមបានតាមដានស្ថានភាពកម្ពុជា ជាង៣០ឆ្នាំមកហើយ ដែលធ្វើឲ្យឯកឧត្តម មានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីស្ថិរភាពនៅកម្ពុជា និងយុទ្ធសាស្រ្តឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ បានចូលជួបសម្តែងការគួរសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ ឯកឧត្តមបានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា ឯកឧត្តមបានបម្រើការងារនៅក្រសួងការបរទេសថៃ រយៈពេល៣០ឆ្នាំ និងបានតាមដានសភា​ព​ការណ៍នៅកម្ពុជារហូតមក ព្រមទំាងបានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តឈ្នះៗ របស់ សម្តេច ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមទំាងស្រុងនៅកម្ពុជា ហើយស្ថិរភាពកម្ពុជាបាននាំមកនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាលំដាប់។

 ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរាជទូត បានគំាទ្រនិងប្តេជ្ញាថា នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរដែលមានស្រាប់ ឲ្យ​កាន់តែល្អប្រសើរថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរ ពីការភ្ជាប់ទំនាក់ទំនងកម្ពុជា ថៃ តាមផ្លូវគោក ដោយក្នុងនោះកាលពីពេលថ្មីៗនេះ ច្រកព្រំដែនថ្មីមួយទៀតបានបង្កើត ហើយឆាប់ៗខាងមុខនេះ ប្រទេសទំាងពីរនឹងបើកច្រកព្រំដែនបន្ថែមទៀត ក្នុងការសម្រួលដល់ទំនាក់ទំនងរវាងប្រជាជនប្រទេសទំាងពីរ ពិសេសការផ្លាស់ប្តូរនិងជំរុញទំហំពាណិជ្ជកម្មឲ្យកើនឡើង។

 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងនាមរដ្ឋសភា       សម្តេច មានមោទនភាពរីករាយ ដោយសង្កេតឃើញពីការវិវឌ្ឍន៍ ប្រកបដោយភាពវិជ្ជមាន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរកម្ពុជា-ថៃ មានការរីក ចម្រើនឈានដល់កម្រិតខ្ពស់មួយ មិនធ្លាប់មានពីមុនមក។ ការតភ្ជាប់ផ្លូវគមនាគមន៍ ការបើកច្រកអន្តរជាតិ តាមបណ្តោយព្រំដែនកាន់តែច្រើន គឺជាការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច រវាងប្រទេសទំាងពីរ ដើម្បីការរីកចម្រើន នំាមកនូវវិបុលភាពសម្រាប់ប្រជាជន ទំាងសងខាង។

 សម្តេចប្រធានរដ្ឋសភា បានរំលឹកថា ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្ស​​នកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រថៃ។ នៅក្នុងនោះសម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ​ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផុនថេត វិចិត្រឆុលឆៃ  ប្រធាននីតិប្បញ្ញត្តិថៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី ក្នុងភាពស្និទ្ធស្នាល​និងរាក់ទាក់បំផុត​។ “យើងបានឯកភាពគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទំាងពីរ ឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ថែមទៀត”។

 ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយ​ស្រួល ​ទំាងលក្ខខ័ណ្ឌការងារ និងកិច្ច​គាំពារ​ចំពោះ​​​ពលករ​កម្ពុជា ​ដែលកំពុង​ធ្វើការនៅប្រទេស​ថៃ។ “ខ្ញុំសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តមនឹងបន្តធ្វើកិច្ចសហការ កាន់តែជិតស្និទ្ធជាមួយ​បណ្តា​ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុងនា​នា របស់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិកា​រកាន់តែស៊ីជម្រៅ និងទទួលផ្លែផ្កា​កាន់​តែច្រើន” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

 ជាចុងបញ្ចប់ ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចំានៅកម្ពុជា បានជូនពរឲ្យការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ ទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here