ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរាំងស្ទះ និងចង់បំផ្លិចបំផ្លាញដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
នៅព្រឹកថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃបានបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីលទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្ដិទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត បានថ្លែងថា បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចជារាល់ឧបបាយកលពិសពុល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតឲ្យបានគ្រប់រូបភាព សំដៅធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា ។
ក្នុងនាមប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត សម្ដេច ស ខេង ក៏បានសង្កត់ធ្ងន់ថា គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវសមភាពចំពោះមុខច្បាប់ និងការផ្ដល់នូវសេវាសន្ដិសុខ ជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត វាគ្មិន តំណាង ឬភ្នាក់ងារ និងបេក្ខជនគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ស្មារតី និងឆន្ទៈស្នេហាជាតិ ត្រូវរួមសហការគ្នាសំដៅ និងធានាកិច្ចការពារកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ។
គួរំលឹកផងថា រដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំង ប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដាខាងមុខ៕