ភ្នំពេញ៖ រឿងប្អូនថ្លៃនាយពាក់មី ដែលត្រូវជនល្មើសបើករថយន្តដេញបំបុកនោះ ភាគីជនរងគ្រោះនិងភាគីជនបង្ក បានមកជួបគ្នាចរចា នៅចំពោះមុខសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការដោះស្រាយ ដោយជំហ៊ានទី១ ភាគីទាំង២ បានយល់ព្រមឯកភាព ក្នុងនោះភាគីជនរងគ្រោះបានយល់ព្រមទទួលយកសំណងចំនួន៤០០០ដុល្លារ ក្នុងដំណាក់កាលទី១ ចំណែកដំណាក់បន្តទៀត នឹងចរចាគ្នាបន្តរហូតទាល់តែបញ្ចប់រឿងនេះទាំងស្រុង ចំណែកឯសមត្ថកិច្ចនគរបាលវិញ បាននិងកំពុងអនុវត្តន៍តាមផ្លូវច្បាប់ យកមកធ្វើជាមូលដ្ឋានគោល ក្នុងរឿងនេះ ទោះភាគីទាំង២ បញ្ចប់គ្នាក៏ពិតមែន តែបណ្តឹងអាជ្ញា ដែលសមត្ថកិច្ច ស្រាវជ្រាវរកឃើញ បទល្មើសព្រហ្មទណ្ឌ នៅតែបន្តនិរន្តភាព នីតិវិធី កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ច្បាប់។
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បានចេញបំភ្លឺជូនចំពោះការបកស្រាយព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក របស់លោកប្អូនពាក់មី និងឪពុកជនរងគ្រោះ ចំពោះករណីដែលកើតឡើង រវាងរថយន្ត ហើយនិងប្អូនថ្លៃលោកពាក់មីជាជនរងគ្រោះកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ។
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបន្ថែមថា ក្រោយពីសភាពហេតុកើតឡើង សមត្ថកិច្ចខណ្ឌឫស្សីកែវបានបំពេញតួនាទីក្នុងនាមអ្នកអនុវត្តន៍ច្បាប់ ក៏ដូចជាការទទួលខុសត្រូវក្នុងភារកិច្ចដោយបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យរឿងហេតុក្នុងព្រឹត្តិការណ៍ ឈានដល់ការប្រមែប្រមូលសាក្សី វត្ថុតាង កសាងជាសំណុំរឿង ហើយការខិតខំទាំងអស់នេះ បានបន្តស្រាវជ្រាវឈានដល់រកឃើញលំនៅដ្ឋានភាគីរថយន្ត ព្រមទាំងបានដកហូតរថយន្ត មករក្សាទុកនៅអង្គភាព ដើម្បីកសាងនីតិវិធី បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមផ្លូវច្បាប់ ។ ក្នុងការខិតខំបំពេញតួនាទីភារកិច្ចនេះ ក្រុមគ្រួសារជនរងគ្រោះ បានដឹង នឹងមើលឃើញគ្រប់សកម្មភាព ក្នុងការចំណាត់ការរបស់សមត្ថកិច្ច ដោយសារតែកត្តាគ្រប់យ៉ាងនេះហើយ ទើបជីដូន ឪពុក ពូ បងប្រុសរបស់ជនរងគ្រោះ មានទំនុកចិត្តចំពោះសមត្ថកិច្ច ហើយសូមឲ្យសមត្ថកិច្ច ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ករលក្ខណៈ សម្របសម្រួលរវាងគូរភាគីទាំង២ ។
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានលើកឡើងថា យោងលើសំណូមពរ ដ៏ទទូចរបស់ក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលនូវសំណើរសំណូមពរ របស់ភរិយា និងឪពុកមា ភាគីខាងរថយន្ត ទើបភាគីខាងរងគ្រោះ បានធ្វើសំណើរជាលាយលក្ខណ៍អក្សរ មកសមត្ថកិច្ចនគរបាលខណ្ឌឯស្សីកែវ ដើម្បីធ្វើការជំនួបចរចា ដោះស្រាយ ជាមួយភាគីរថយន្តដោយសន្តិវិធី ។ ហើយដោយផ្អែកលើសំណូមពររបស់គូភាគី សមត្ថកិច្ចក៏បានផ្តល់ឲ្យគូភាគីជំនួបពិភាគ្សា ស្វែងរកការដោះស្រាយ តាមទិដ្ឋភាពជាក់ស្តែង នឹងបានជម្រាបទៅក្រុមគ្រួសាររងគ្រោះ ក្នុងពេលជំនួបដោះស្រាយ សូមមានវត្តមានលោកប្អូនពាក់មីចូលរួម ប៉ុន្តែបែរជាពុំមានវត្តមានទៅវិញ ។
ឆ្លងតាមពេលវេលា នៃការជំនួបពិភាក្សាដោះស្រាយនេះ ភាគីរងគ្រោះ បានឲ្យភាគីរថយន្តសំណងថ្លៃព្យាបាលចំនួន ៥ម៉ឺនដុល្លារ ហើយភាគីរថយន្ត បានជម្រាបជូនវិញថា ចំពោះចំនួនដែលបានដាក់មកនេះ ក្នុងនាមភរិយា នឹងឪពុកមា មិនទាន់ហ៊ានសម្រេចទេ គឺសុំយកទៅពិភាក្សាជាមួយនឹងឪពុកម្តាយ ក្រុមគ្រួសារសិន ។ ក្រោយពីបានពិភាក្សាគ្នាមួយជំហ៊ាន នៅចំពោះមុខសមត្ថកិច្ច គូភាគីបានបង្កលក្ខណៈជជែក ពិភាក្សាគ្នា ដោយប្រកាន់នូវសុជីវធម៌ ក្នុងទិដ្ឋភាពថ្លៃថ្នូរ ថែមទាំងភាគីរងគ្រោះអញ្ជើញ ភាគីរថយន្តទៅជំនួបបន្តនៅផ្ទះ ឬតាមរយៈទូរស័ព្ទក៏បានជាជំហ៊ានទី២ ដោយក្នុងលក្ខខណ្ឌត្រូវគ្នាហើយ ទើបគូរភាគីដឹកដៃគ្នា មកសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ចប់រឿង ។ ក្នុងនោះភាគីរថយន្ត ក្រោយពីបានស្តាប់ការលើកឡើង របស់ភាគីរងគ្រោះ ក្នុងនាមភរិយា និងឪពុកមា បានសំដែងនូងគុណធម៌ នឹងមនោសញ្ចេតនា ជួយដល់ក្រុមគ្រួសារជនរងគ្រោះ សម្រាប់តម្រូវការព្យាបាល ក្នុងពេលវេលា និងស្ថានភាពចំពោះមុខ ដែលកំពុងសង្គ្រោះចំនួន ៤ពាន់ដុល្លារសិន នឹងបន្តដោះស្រាយជាបន្តបន្ទាប់ តាមដំណាក់កាលនីមួយៗ រហូតភាគីសងខាង ទទួលយកបានការដោះស្រាយ សមស្របរៀងៗខ្លួន។
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបន្ថែមថា លោកប្អូនពាក់មី និងក្រុមគ្រួសារជនរងគ្រោះ រួមទាំងប្រជាពលរដ្ឋទាំងអស់។ ក្នុងនាមសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបំពេញកាតព្វកិច្ចបម្រើសេវា សំណូមពរ នឹងតម្រូវការជូនប្រជាពលរដ្ឋ ដោយបានអនុលោម ទៅតាមអនុសាសន៍ថ្នាក់ដឹកនាំ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការ សាលារាជធានីភ្នំពេញ និងស្នងការដ្ឋាន ព្រមទាំងបានប្រកាន់ភ្ជាប់ នូវជំហ៊រទទួលខុសត្រូវ ក្នុងនាមសមត្ថកិច្ច ដោយមិនទាមទារលក្ខខណ្ឌពីប្រជាពលរដ្ឋ ឬថ្នូរ នឹងផលប្រយោជន៍អ្វីឡើយ កត្តាខិតខំគ្រប់យ៉ាងទាំងអស់នេះ បានត្រូវទទួលឆ្លើយតបមកវិញ អំពីប្អូន និងក្រុមគ្រួសារ អស់ជំនឿមកលើសមត្ថកិច្ចខណ្ឌឫស្សីកែវ តើសមត្ថកិច្ចយើងខ្ញុំ បានចាប់បង្ខំ ឬក៏តម្រូវឲ្យក្រុមគ្រួសាររងគ្រោះធ្វើតាម ឬកំណត់យកនូវកម្មវត្ថុណាមួយពីសមត្ថកិច្ចឬ? បន្ថែមពីនេះទៀតសោធ ចំពោះករណីខាងលើនេះ ការទទួលយកសំណងព្យាបាល វាជាបទល្មើសរដ្ឋប្បវេណី មានន័យថា ជាសំណងជួសជុល ខូចខាត នៃការព្យាបាល ដោយឡែកសំណុំរឿងព្រហ្មទណ្ឌ មិនត្រូវបានបញ្ចប់ ឬរំលត់ដោយសមត្ថកិច្ចបានឡើយ គ្រប់បទល្មើសព្រហ្មទណ្ឌ ត្រូវបានបញ្ចប់ រំលត់ ដោយការជម្រះកាត់ក្តីក្នុងសាវនាការ រហូតឈានដល់ប្រកាសលទ្ធផល ចេញជាសាលក្រម ។ ត្រង់ចំណុចនេះ ខ្ញុំសូមឲ្យប្អូនពាក់មី ក៏ដូចជា ក្រុមគ្រួសារជនរងគ្រោះ ទាញអារម្មណ៍ហើយផ្តោត នឹងមានជំនឿចិត្ត មកលើអាជ្ញាធរ និងសមត្ថកិច្ច មន្ត្រីថ្នាក់ដឹកនាំស្ថាប័នតុលាការ ដែលបាននិងកំពុងខិតខំអនុវត្តន៍ ផ្លូវច្បាប់ យកមកធ្វើជាមូលដ្ឋានគោល។ ក្នុងរឿងរបស់ក្រុមគ្រួសារ លោកប្អូន ទោះភាគីទាំង២ បញ្ចប់គ្នាក៏ពិតមែន តែបណ្តឹងអាជ្ញា ដែលសមត្ថកិច្ចយើងខ្ញុំ ស្រាវជ្រាវរកឃើញ បទល្មើសព្រហ្មទណ្ឌ នៅតែបន្តនិរន្តភាពនីតិវិធីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ច្បាប់។
ចំពោះការបំភ្លឺរបស់សមត្ថកិច្ច ឆ្លើយតបព័ត៌មានរបស់ប្អូន ដែលបានផ្សាយជាសាធារណៈនេះ សមត្ថកិច្ចខាងបង ក៏ទាមទារនូវសក្ខីភាព នឹងការផ្តល់យុត្តិធម៌ពីសាធារណជន យកត្រឡប់មកវិញដែរ ដើម្បីជាការផ្តល់កម្លាំងចិត្តឲ្យសមត្ថកិច្ចយើងខ្ញុំ មានកម្លាំងចិត្តបន្ត ខិតខំបម្រើសេវាគ្រប់យ៉ាង ជូនប្រជាពលរដ្ឋលើភារកិច្ចការងារប្រចាំថ្ងៃ ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវទាំងអស់ សូមជូនពរដល់ប្អូនជាជនរងគ្រោះក្នុងហេតុការណ៍ សូមទទួលបានការព្យាបាលវះកាត់ជាឆាប់ឆាប់។ ចំណែកលោកពាក់មី ដែលបានឡាយវីដេអូ បានបញ្ជាក់ថា ៤០០០ដុល្លារ ជីវិតប្អូនប្រុសខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេ ៕