(ភ្នំពេញ) ក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង នៅជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានស្រ្តីម្ចាស់ផ្ទះ ប្រើអំពើហឹង្សា ធ្វើទារុណកម្ម អស់រយៈពេល៤ឆ្នាំហើយ ដោយវាយ ចាក់ ពេលខ្លះឈានដល់បង្អត់បាយក៏មាន ដោយទង្វើរសាហាវពេក ទើបបែកធ្លាយរឿងពីអ្នកជិតខាងទាក់ទងរាយការណ៍ប្រាប់វិទ្យុABC នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ទើបក្រុមការងារវិទ្យុABC សហការជាមួតសមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះកើតហេតុ ។
រីឯស្ត្រីម្ចាស់ផ្ទះខាងលើត្រូវឃាត់យកមកសាកសួរតាមនីតិវីធីច្បាប់។ ចំណែកក្មេងស្រីម្នាក់ជាកូនឈ្នួលត្រូវបានក្រុមការងារវិទ្យុABC នាំយកមកស្នាក់នៅជាមួយវិទ្យុABC បណ្ដោះអាសន្នសិន។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ រស់នៅឃុំទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយកមកធ្វើការនៅទីនោះ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។ ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា ស្ត្រីជាថៅកែហាងលក់សម្លៀកបំពាក់ខាងលើ បានប្រើប្រាស់អំពើហិង្សា ធ្វើទារុណកម្ម វាយ ចាក់ និងបង្អត់អាហារក្មេងស្រីរងគ្រោះ ដោយទង្វើនេះ បានកើតឡើងអស់រយៈពេល៤ឆ្នាំ កន្លងមកហើយ តែដោយសារតែទង្វើសាហាវព្រៃផ្សៃពេក ទើបមានអ្នកជិតខាងបានប្តឹងទៅសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ ដល់ក្មេងស្រីអភ័ព្វនោះ ទើបនៅវេលាម៉ោងខាងលើនេះ សមត្ថកិច្ចបាននាំកម្លាំង ចុះទៅសួរនាំថៅកែស្រីរូបនោះ។
អំពើហិង្សាទៅលើក្មេងស្រីជាឈ្នួលបម្រើនោះ ត្រូវបាន ស្រីពៅ និយាយថា ចាប់តាំងពីពេលមកធ្វើការនៅទីក្នុងថ្ងៃដំបូងម្ល៉េះ គឺស្រ្តីជនជាតិចិននោះ បានធ្វើបាបជារៀងរាល់ថ្ងៃ ដោយចោទប្រកាន់ថា នាងធ្វើការយឺត មិនទាន់ការបញ្ជារបស់គេ។ នាង បានបន្តថា ក្នុងរយៈពេល៤ឆ្នាំ ខ្ញុំបានទៅលេងផ្ទះនៅស្រុកកំណើតបានម្តងដែរ ប៉ុន្តែមិនហ៊ាននិយាយនេះប្រាប់ឪពុកម្តាយទេ ព្រោះខ្លាចការគំរាមរបស់ស្រ្តីនោះ ហើយរាល់ពេលដែលម្តាយទូរស័ព្ទមកសួរសុខទុកម្តងៗ គឺមិនហ៊ាននិយាយរឿងការវាយធ្វើបាបប្រាប់ម្តាយទេ ព្រោះស្រ្តីនៅឈរចាំនិងក្តិចមួលពីក្រោយខ្នង ហើយស្រ្តីនោះបាននិយាយគំរាមថា បើចង់ទៅស្រុកវិញ ទាល់តែឲ្យម្តាយនាងឯងយកលុយមកសងវិញ។ ប៉ុន្តែនាងបន្តថា ក្នុងពេលដំបូងដែលម្តាយនាង យកនាងមកធ្វើការនៅផ្ទះនេះ គឺម្តាយបានយកលុយពីស្រ្តីនោះមុន តែមិនដឹងថាលុយនោះមានចំនួនប៉ុន្មាននោះទេ”។
ក្មេងរងគ្រោះបាននិយាយថា បន្ទាប់ពីត្រូវបានបងប្អូន និងសមត្ថកិច្ចជួយរំដោះខ្ញុំចេញពីផ្ទះស្រ្តីកំណាចនេះ ខ្ញុំចង់ទៅស្រុកកំណើតវិញ ខ្ញុំរាងហើយលែងចង់មកធ្វើការស៊ីឈ្នួលគេទៀតហើយ។
ក្នុងករណីនេះ ក្នុងពេលដែលមានប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅរំដោះក្មេងរងគ្រោះនោះ ស្រ្តីជនជាតិចិននោះតែមកនិយាយគំរាមកំហែងលើក្មេង ដែលមើលសភាពក្មេងស្រីរងគ្រោះឡើងភ័យញ័រខ្លួន ញ័រមាត់ និយាយស្ទើរតែមិនចេញ។ ស្រ្តីនោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរផងដែរ និងស្វែងរកភស្តុតាងដើម្បីដាក់បន្ទុកលើស្រ្តីនោះ។
ក្មេងស្រីរងគ្រោះ ក៏បានបង្ហាញនូវស្លាមស្នាមលើដងខ្លួនរបស់នាងឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចមើលផងដែរ ហើយនិយាយថា ស្រ្តីនោះ បានយកដែកហាលខោអាវវាយនាង បែកក្បាលចេញឈាមមានចំនួនពីរដង បែកចង្កាម្តង បែកស្លឹកត្រចៀកម្តង និងជាំភ្នែក ជាំថ្ពាល់ ជាំខ្នង ជើង ដៃ ស្មា និងថ្ងៃចុងក្រោយនេះវាយនាងពកក្បាលពីរដុំ៕
ប្រភពដោយAhBoYz