ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពណាស់ ដែលយើងមានអគារខ្ពស់ៗដូចជាអគារវឌ្ឍនៈបែបនេះ ហើយក៏ជាមោទនភាព មួយរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់។ ទីក្រុងភ្នំពេញ ចាប់ពីពេលក្រោយសង្គ្រាមភ្លាម គឺមានមនុស្សត្រឹមតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់យើង ទាំងអស់គ្នា ក៏បានប្រែក្លាយទីក្រុងភ្នំពេញ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល មានការអភិវឌ្ឍ និងរីកចម្រើនដូចសព្វថ្ងៃ។
នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារវឌ្ឍនៈ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះគឺជាអគារ ដ៏ខ្ពស់មួយនៅកណ្ដាល ទីក្រុងភ្នំពេញ ដែលត្រូវបានដាក់រហ័សនាមថា “ចក្កវាឡប្លែក គេ” មានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះជាច្រើន ដូច ជា ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យ ធ្វើសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ព្រមទាំងមាន ហាងលក់ទំនិញ ដែល មានម៉ាកល្បីៗ លំដាប់អន្តរជាតិ ទៀតផង។ អគារនេះមានតម្លៃជាង ១០០លាន ដុល្លារដែលបានបញ្ចប់ ការសាងសង់ ទាំងស្រុងកាល ពីឆ្នាំ២០១២ហើយបានបើកសម្ពោធលើកដំបូងគឺនៅល្ងាចថ្ងៃទី ២៦ ឧសភា ២០១៨ នេះ រួមគ្នាជាមួយការបើកឱ្យដំណើរការ សណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood នៅជាន់ទី៣៩ ផុតគេនៅក្នុងអគារនេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទម្រាំកម្ពុជាមានការរីកចម្រើនប៉ុននេះ គឺកម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញអ្វីៗ ស្ទើរទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ ដែលចាប់ផ្តើមពីរនាក់ប្តីប្រពន្ធ ដំបូងឡើយ គ្រាន់តែជាអ្នកលក់អំបោះហុង តែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែ ការខិតខំប្រឹងប្រែង និងការព្យាយាម ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ទើបធ្វើឲ្យពួកគាត់ ទទួលបាននូវភាពជោគជ័យ ដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះវិស័យឯកជន កំពុងមានការវិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ និងក៏បានរួមចំណែក ក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើនផងដែរ។
នាឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមពាណិជ្ជករ ក៏ដូចជា អ្នកដែលមាន ទ្រព្យធនក្នុងប្រទេសកម្ពុជា អាចទិញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើដំណើរ ពីព្រោះវាអាចបម្រើប្រយោជន៍ជាច្រើន ហើយសម្តេចតេជោ ជំរុញឲ្យមានការនាំចូលនូវឧទ្ធម្ភាគចក្រផងដែរ ម៉្យាវិញទៀតពេល ដែលរាជរដ្ឋាភិបាលត្រូវការដូចជាសម្រាប់ជួយសង្គ្រោះពេលមានទឹកជំនន់ដល់ប្រជាពលរដ្ឋបានផងដែរ។
ទោះបីជាពេលនេះ កម្ពុជាមានការរីកចម្រើនប៉ុណ្ណេះក៏ដោយ ក៏កម្ពុជា នៅតែត្រូវការការវិនិយោគបន្ថែមទៀត ដើម្បីឲ្យប្រទេស ដ៏កម្សត់មួយនេះ មានការវិឌ្ឍន៍រីកចម្រើនបន្ថែមទៀត។ សម្តេចតេជោ ពិតជាមានមោទនភាព ចំពោះការវិនិយោគរបស់ក្រុមហ៊ុន វឌ្ឍនៈនេះ ដែលបាននាំមកនូវផលិតផល របស់ក្រុមហ៊ុន និងម៉ាកល្បីៗពីបរទេស មកលក់ក្នុងអគារពាណិជ្ជកម្មនេះ សង្ឃឹមថា ក្រុមហ៊ុន និងទាក់ទាញការវិនិយោគ បន្ថែមទៀតពីបរទេស។
មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរដល់ម្ចាស់ក្រុមហ៊ុន ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត និងបានប្រកាសបើកសម្ពោធអគារវឌ្ឍនៈនេះចាប់ពីពេលនេះតទៅ៕