រាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំងរបស់មិត្តចិន បានសំរេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីភាពនៃទីក្រុងទាំង២ នៃឆ្នាំទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

0
443

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំងបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ឧសភា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញរវាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវឈី ជីង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។នេះជាការបោះជំហ៊ានទៅមុខ១ជំហ៊ានទៀតរបស់សាលារាជធានីភ្នំពេញក្នុងការចាប់ដៃចងសម្ពន្ធ៏ភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិនគឺទីក្រុងប៉េកាំងជាទីក្រុងទី៧របស់ចិនដែលរាជធានីភ្នំពេញបានចុះហត្ថលេខាចង     សម្ព័ន្ធមេត្រី។

ដើម្បីគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៏ទីក្រុងអោយកាន់តែវិវឌ្ឍន៏រីកចំរើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង។ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូលង់ ខ្ញុំកត់សំគាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង២កាន់តែមានភាពស៊ីជំរៅ ស្អិតរមួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃពញរះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបន្តថា៖សំរាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទីក្រុងសម្ពន្ធ័មេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាពខូបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា.ចិនដែលនេះគឺជាព្រឹត្តិការដ៏សំខាន់១បង្ហាញពីកិច្ចសហប្រតិបត្តិការទាំងក្នុងកំរិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុងសម្ពន្ធ័មេត្រីទី៧របស់រាជធានីភ្នំពេញក្នុងចំណោមបណ្តាទីក្រុងក្នុងប្រទេសចិនដែលបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីរួចហើយ។

កិច្ចព្រមព្រៀងដែលបានបោះចេញជា៣ភាសារគឺ៖ខ្មែរ.ចិន.និងអង់គ្លេសបានបញ្ជាក់ថា៖ភាគីទាំង២នឹងអនុវត្តនូវគោលការណ៏នៃភាពស្មើគ្នា និងផលប្រយោជន៏ជាទ្វេភាគីតាមរយះកិច្ចសហប្រតិបត្តិការលើវិស័យ១ចំនួនដូចជា៖សេដ្ឋកិច្ច,វប្បធម៌,អប់រំ,វិទ្យាសាស្ត្រ,បច្ចេកវិទ្យា បរិស្ថានជាដើម។កិច្ចព្រមព្រៀងនេះមានសុពលភាពរយះពេល៥ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាតទៅ។លោកជំទាវឈី ជីង បានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយះពេល៦០ឆ្នាំមកហើយ។លោកជំទាវថ្លែងថា៖ទីក្រុងប៉េកាំងតែងយកចិត្តទុកដាក់ចំពោះរាជធានីភ្នំពេញ។ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ប៉េកាំង.ភ្នំពេញបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៏ផ្លាស់ប្តូរបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here