តុលាការសម្រេចចេញដីកាឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

0
452

ភ្នំពេញ៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នេះបើយោងតាមដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។

ការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងចោទប្រកាន់អគ្គនាយក TVFB បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៉ើបសួរចាត់ការបន្តតាមនីតិវិធី។

កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។

គួររំលឹកថា លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here