ភ្នំពេញ ៖ ក្នុងន័យទប់ស្កាត់ឲ្យបាននូវការឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាដែលហាក់មានភាពផុយស្រួយនាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងទី០៩ ខែមេសា ដាក់ចេញវិធានការ៤ចំណុចក្តៅៗដល់រោងចក្រ សហគ្រាស បើសិនជាមានកម្មករឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
យោងតាមប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ គឺត្រូវបានលើកពេល ដូច្នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រូវឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០ នេះមាន៤ចំណុចដូចជា ៖
១ ៖ កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ខ្លួន ។
២ ៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
៣៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
៤៖ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) ៕