គម្រោងវិនិយោគរបស់វៀតណាម លើវិស័យកសិកម្មនៅកម្ពុជា ដោយដាំបន្លែ និងផ្លែឈើសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ បង្កើនឲ្យមានក្តីបារម្ភ។ ក្តីបារម្ភដោយសារតែប្រទេសវៀតណាម ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីដែលសហភាពអឺរ៉ុប ព្រមានថាជាប្រទេសផលិតកសិកម្មដែលប្រើប្រាស់ថ្នាំគីមីនាំឲ្យខូចដល់សុខភាពអ្នកប្រើប្រាស់។ នេះបើតាមអ្នកជំនាញកសិកម្ម និងអ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជា។
ក្តីបារម្ភនេះបានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនដ៏ធំមួយរបស់វៀតណាម គឺក្រុមហ៊ុន FLC Group ចង់បោះទុនទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ នៅឆ្នាំ២០១៩ ដោយវិនិយោគលើការដាំដុះបន្លែ និងផ្លែឈើសម្រាប់នាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងប្រទេសកម្ពុជា។
គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងជំនួបរវាង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងគណៈប្រតិភូ ក្រុមហ៊ុនវៀតណាម FLC Group ។
បើតាមសំដីលោករដ្ឋមន្ត្រីកសិកម្ម ដែលត្រូវសារព័ត៌មានមួយចំនួនដកស្រង់យកមកចុះផ្សាយបានឲ្យដឹងថា ក្រៅពីចង់បោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក វៀតណាមក៏ចង់ធ្វើការកែឆ្នៃ និងវេចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញដែរ។
លោក សំ ពិទូ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) យល់ថា កម្ពុជាមិនចាំបាច់ឲ្យមានការវិនិយោគបរទេសលើការដាំបន្លែ និងផ្លែឈើនោះទេ។ ប៉ុន្តែរដ្ឋត្រូវបង្រៀនបច្ចេកទេសកសិកម្មដល់កសិកររបស់ខ្លួន។ លោកថាបើឲ្យបរទេសមកធ្វើកសិកម្មនៅកម្ពុជា នោះវាប៉ះពាល់ដល់មុខរបរ និងការងាររបស់ពលរដ្ឋខ្មែរ ហើយផលិតផលទាំងនោះ អាចប្រើប្រាស់គីមីច្រើន នាំឲ្យខូចឈ្មោះផលិតផលខ្មែរ។
ចំណែក លោក សន ជ័យ អ្នកឃ្លាំមើលបញ្ហាសង្គម បារម្ភថា ក្រោយពីជួលដីខ្មែរធ្វើកសិកម្មហើយ ដីនោះអាចនឹងខូចគុណភាពដោយសារតែការប្រើប្រាស់ថ្នាំគីមីនៅពេលវៀតណាមដាំបន្លែ។ ម្យ៉ាងទៀត ការដែលវៀតណាមចង់ចេញមុខជាអ្នកវេចខ្ចប់ផលិតផលកសិកម្ម របស់ខ្មែរអាចធ្វើឲ្យខូចមុខមាត់ផលិតផលកម្ពុជាលើទីផ្សារអន្តរជាតិ ខណៈប្រទេសវៀតណាម ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីដែលសហភាពអឺរ៉ុប ព្រមានថាជាប្រទេសផលិតកសិផលដែលប្រើប្រាស់ថ្នាំគីមីនាំឲ្យខូចដល់សុខភាពអ្នកប្រើប្រាស់។
ទោះយ៉ាងណា ក្រសួងកសិកម្ម នៅមិនទាន់បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគដាំបន្លែរបស់វៀតណាម នឹងត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស ស្តីពីការប្រើប្រាស់ថ្នាំគីមីយ៉ាងណានៅឡើយទេ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថានដី និងខូចសុខភាពអ្នកប្រើប្រាស់។
បើតាម លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីខែកុម្ភៈឆ្នាំ២០១៨នេះថា ការដាំដុះផលិតបន្លែ ផ្លែឈើនៅកម្ពុជាទើបតែបានចំនួន៥០% ប៉ុណ្ណោះ ហើយនាំចូលពីប្រទេសក្រៅ ៥០% ដើម្បីបំពេញតម្រូវការលើទីផ្សារ។
តួលេខក្រសួងកសិកម្មដដែល បង្ហាញថាប្រទេសកម្ពុជាបានចំណាយលើការ នាំចូលបន្លែពីក្រៅប្រទេសប្រមាណ ២០០លានដុល្លារ ក្នុង១ឆ្នាំៗក្នុងនោះ កម្ពុជាបាននាំចូលបន្លែគិតជាបរិមាណ ចំនួនជាង១៤ម៉ឺនតោនក្នុង១ឆ្នាំ ហើយបរិមាណនេះ គឺស្មើនឹងជាងពាក់កណ្តាល នៃបរិមាណតម្រូវការបន្លែសរុបនៅក្នុងប្រទេស៕
ប្រភពអត្ថបទ៖ RFI ដោយ វុន សុខជា