ប្រទេសចិនបានបញ្ជូនគណៈប្រតិភូមួយក្រុម រួមមានទាំងពេទ្យជំនាញផងដែរ ទៅកាន់កូរ៉េខាងជើង,

0
930

ព្យុងយ៉ាង៖ ប្រទេសចិនបានបញ្ជូនគណៈប្រតិភូមួយក្រុម ដែលរួមមានទាំងក្រុមគ្រូពេទ្យជំនាញផងដែរនោះ ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់ប្រឹក្សាដល់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ នេះបើតាមប្រភពពីបុគ្គលបីនាក់ ដែលស្និទ្ធនឹងបញ្ហានេះ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចរបស់ក្រុមវេជ្ជបណ្ឌិត និងមន្រ្តីជាន់ខ្ពស់របស់ចិនខាងលើនេះ បានកើតឡើងចំពេល ដែលមានរបាយការណ៍ផ្ទុយគ្នា ជុំវិញសុខភាពរបស់មេដឹកនាំកំពូលរបស់កូរ៉េខាងជើង។ ទោះយ៉ាងណា ទីភ្នាក់ងារ Reuters មិនអាចកំណត់ភ្លាមៗថា តើដំណើរទស្សនកិច្ចនេះ វាមានទាក់ទងនឹងស្ថានភាពសុខភាពរបស់លោក គីម ជុងអ៊ុន ដែរ ឬក៏យ៉ាងណាទេ។

បើតាមប្រភពដដែលខាងលើនេះ បានគូសបញ្ជាក់ទៀតថា គណៈប្រតិភូនេះគឺដឹកនាំដោយសមាជិកជាន់ខ្ពស់ម្នាក់ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់បក្សកុម្មុយនិស្តចិន ហើយបានចាកចេញពីទីក្រុងប៉េកាំង ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមកម្ល៉េះ។ នាយកដ្ឋាននេះ គឺជាស្ថាប័នដ៏សំខាន់របស់ប្រទេសចិន សម្រាប់ទំនាក់ទំនងជាមួយប្រទេសជិតខាងកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ យោងតាមសារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោកគីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅនេះ។ ប៉ុន្តែសម្រាប់មន្ត្រីកូរ៉េខាងត្បូងវិញ មើលមិនឃើញសញ្ញាណាមួយដែលខុសប្រក្រតី កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើងឡើយ។

ជុំវិញរឿងនេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអះអាងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំគិតថា សេចក្តីរាយការណ៍ទាំងនេះ(ទាក់ទិននឹងសុខភាពរបស់លោក គីម ជុងអ៊ុន) គឺមិនត្រឹមត្រូវទេ»។ ប៉ុន្តែលោកមិនបានឆ្លើយតបចំពោះសំនួរថា តើលោកបានដឹងរឿងរ៉ាវពិតប្រាកដ នៅពីក្រោយសេចក្តីរាយការណ៍ព័ត៌មាននេះ ឬក៏យ៉ាងណានោះដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here