សៀមរាប៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដោយជនជាតិចិន ២នាក់ត្រូវបានតៃកុងឡានរបស់ខ្លួនកាប់ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ដោយសារតែមិនសងលុយ និងនិយាយកុហកខ្លួនជាច្រើនលើកច្រើនសារ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវាត់ក្រុង ភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ខេត្ត សៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសេន ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផ្នែកអន្តោប្រវេសន៍ បានឲ្យដឹងថា ពេលកើតហេតុភ្លាមៗកម្លាំងនគរបាលជំនាញនិងនគរបាលមូលដ្ឋានបានសហការគ្នាយកជនសង្ស័យមកស្នងការនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះទៅនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុក សុភា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន ២នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
តាមរបាយការណ៍បានឲ្យដឺងថា ជនជាតិចិនទាំង ២នាក់នេះមានឈ្មោះ LU KAI ភេទប្រុស អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងម្នាក់ទៀត ឈ្មោះ SHI SHOU ZHENG ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹងរិទ្ធិរ៉េត ។
គួររំលឹកផងដែរថា មានជនជាតិចិនជាច្រើនដែលមករស់នៅនិងរកស៊ីនៅប្រទេសកម្ពុជាជាពិសេសខេត្ត-ក្រុង សំខាន់ៗនៃសេដ្ធកិច្ចមាន សៀមរាប ព្រះសីហនុ បាវិត ភ្នំពេញជាដើម។ ក្នុងករណីនេះផងដែរ ជនសង្ស័យកំពុងបន្តការសាកសួរនៅការិយាល័យស៊ើបអង្កេតនិងអនុវត្តន៍តាមនីតិវិធី ដើម្បីរៀបចំសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕