អនុប្រធានទី១រដ្ឋសភា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជានិងបារាំង

0
338

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Procacia សមាជិកាព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវព្រឹទ្ធសមាជិក ត្រូវអញ្ជើញមកធ្វើជាវាគ្មិនក្នុងសិក្ខាសាលាហ្រ្វង់កូហ្វូនី ដែលនឹងត្រូវរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី១៧និង១៨ ខែឧសភា ឆ្នាំ២០១៨នេះ។

នៅក្នុងជំនួបពិភាក្សាការងារនេះ​ ឯកឧត្តម យូ ហុកគ្រី បានថ្លែងអំណរគុណដល់សភាប្រទេសបារាំង ដែលបានជួយគាំទ្រដល់កម្ពុជា ពិសេសសភាកម្ពុជារៀងរហូតមក ទាំងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងការពង្រឹងសមត្ថភាពដល់សមាជិកសមាជិការដ្ឋសភា។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា សភាកម្ពុជា ពិសេសឯកឧត្តមផ្ទាល់ សូមគាំទ្រនិងជំរុញការប្រើប្រាស់ភាសាបារាំង នៅក្នុងកិច្ចការសភា។

ឯកឧត្តមអនុប្រធានទី១ បានលើកឡើងពីការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាគឺមានលក្ខណៈជាប្រវត្តិសាស្រ្ត ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម យូ ហុកគ្រី បានស្នើសុំសភាប្រទេសបារាំងបន្តគាំទ្រ ដល់សភាកម្ពុជាបន្តទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងាររដ្ឋបាល និងបច្ចេកទេសរបស់សភាឆ្លើយតបការរីកចម្រើនរបស់សង្គមជាតិ។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានសភាកម្ពុជា (អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា) ក្រោមកិច្ចសហការរៀបចំដោយ ក្រុម សភា ជាតិ កម្ពុជា នៃសភានិយាយ ភាសាបារាំង និងកម្មវិធីណូរីយ៉ា(Noria-APF) នឹងរៀបចំសិក្ខាសាលាសភា ស្តីពី ហ្រ្វង់កូហ្វូនី ភាសាបារាំង និងការងារសភារយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ពិសេសក្នុងវិស័យសភានេះ ហើយក៏នឹងពិភាក្សាលើប្រធានបទមួយចំនួនដូចជា លំហរនៃប្រទេសនិយាយ ភាសាបារាំងកាលា-នុវត្តភាព អន្តរជាតិសម្រាប់សភាកម្ពុជា ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយ ភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN) ភាសាបារាំង មធ្យោបាយការងារសភា ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។

សិក្ខាសាលានេះ នឹងមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិ វិទ្យាស្ថាន បារាំង នៅ កម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន បច្ចេក វិទ្យា កម្ពុជា ទីភ្នាក់ ឧត្តម សិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី(OIF) និង មន្រ្តី អគ្គ លេខា ធិ-ការដ្ឋានព្រឹទ្ធសភានិងរដ្ឋសភា ដែលធ្លាប់ សិក្សាភាសាបារាំង ក្នុង គម្រោង ជំនួយ របស់ កម្មវិធីណូរីយ៉ា(Noria) នឹងចូលរួមជាវាគ្មិន ចែករំលែកបទពិសោធន៍ និង ទទួល យកចំណេះដឹងថ្មីៗ ពី គ្នា ទៅវិញទៅមក។

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលានេះ នៅព្រឹកថ្ងៃទី១៧ ឧសភា។ ចំណែកលោកជំទាវ Catherine Procacia នឹងអញ្ជើញចូលរួមជាវាគ្មិនសំខាន់នៅក្នុងសិក្ខាសាលាដ៏កម្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here