សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ នៅតែជាកម្លាំងស្នូលឈានមុខក្នុងការបំពេញតួនាទី ធានារ៉ាប់រងរក្សារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម កម្ពុជា

0
347

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ នៅតែជាកម្លាំងស្នូលឈានមុខក្នុងការបំពេញតួនាទី ធានារ៉ាប់រងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរក្សាបាននូវសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។
ក្នុងឱកាសរំលឹកទិវាខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ឧសភា ១៩៤៥-១៦ឧសភា២០១៨) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ កន្លងទៅ កងកម្លាំងនគរបាលជាតិគ្រប់ផ្នែក គ្រប់ថ្នាក់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ធ្វើការតស៊ូ ព្យាយាមអត់ធ្មត់ ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាងបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការពារបាននូវខឿន អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរបស់ពួកអមិត្តដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។

អនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ បានបង្កើតនូវស្នាដៃធំៗជាច្រើនជូនសង្គមជាតិ ដោយបានធ្វើជាសេនាធិការក្នុងការទប់ស្កាត់ និងបង្រ្កាបបាននូវឧបាកលសកម្មភាពបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់បានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការពារពិធីបុណ្យតូចធំ គណៈប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាបណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ចវប្បធម៌ ។ល។
សម្តេចក្រឡាហោម បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកមានការវិវត្តន៍ប្រែប្រួល ស្មុគស្មាញឆាប់រហ័ស ហើយពេលខ្លះបានគំរាមកំហែងដល់តំបន់មួយចំនួនមានព្រះរាជាណចក្រកម្ពុជាយើងផងដែរ។ ជាមួយនោះការរីករាលដាលនៃអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា អំពីជួញដូរ មនុស្ស។ល។

នៅតែជាវិញ្ញាសាដែលត្រូវយកចិត្តទុកដាក់គួបផ្សំនឹងចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា បញ្ហាបទល្មើសព្រហ្មទណ្ឌការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អំពីហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរ អគ្គិភ័យ បញ្ហាក្មេងទំនើង ។ល។ នៅតែបន្តកើតមានឡើង បង្កើតជាបញ្ហាប្រឈម និងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។សម្តេចក្រឡាហោម បានបន្ថែមថា កងកម្លាំងនគរបាលការពារព្រំដែនបានតស៊ូឆ្លងកាត់ការលំបាកគ្រប់យ៉ាង ឈរជើងការពារព្រំដែនប្រកបដោយស្មារតីអង់អាចក្លាហាន និងរក្សាបានតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាមួយនោះកងកម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការយ៉ាងសកម្មធ្វើឲ្យបទល្មើសឧក្រិដ្ឋ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស មានការថយចុះគួរឲ្យគត់សម្គាល់។

ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការសង្រ្គោះហេតុការណ៍អគ្គិភ័យ ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គមត្រូវបានលើកកម្ពស់ និងធ្វើឲ្យមានការប្រែប្រួលរីកចម្រើនបន្ថែមទៀត ដែលបានកាត់បន្ថយនូវគ្រោះថ្នាក់ និងមហន្តរាយនានាជាច្រើន ព្រមទាំងបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធនាការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចជា យុទ្ធនាការការពារបរិស្ថានធនធានធម្មជាតិ យុទ្ធនាការបង្រ្កាបបទល្មើសនេសាទ ការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ យុទ្ធនាការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ល។ ជាពិសេសការពង្រឹងតួនាទីរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលជាបង្អែកនៃការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងការកែប្រែរបៀបរបបការងារតាមបែបនគរបាលនិងសហគមន៍ លើកកម្ពស់ប្រសិទ្ធភាពបម្រើសេវា ចាំបាច់ជូនប្រជាពលរដ្ឋ ដែលកិច្ចការទាំងនោះ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកោតសរសើរ គាំទ្រ មានជំនឿទុកចិត្តនិងបានចូលរួមសហការច្រើនជាងមុន។ សម្តេចក្រឡាហោ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា ” ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមសម្តែងនូវការគាំទ្រកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងមិខខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិទូទាំងប្រទេស ដែលបានបង្កើតនូវសមិទ្ធផលដ៏ធំធេង ហើយខ្ញុំសូមវាយតម្លៃខ្ពស់ប្រកបដោយមោទនភាព ព្រមទាំងសូមចាត់ទុកថាជាការរួមចំណែកយ៉ាងធំធេង ក្នុងការធានានូវខឿនសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាបុព្វបទប្រកបដោយអាទិភាព និងជាមូលដ្ឋានគ្រឹះបម្រើឲ្យការអភិវឌ្ឍជាតិគ្រប់វិស័យ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here