ឧត្ដរមានជ័យ ៖ មានករណីរន្ទះបាញ់ប្រជាពលរដ្ឋ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បណ្តាយឲ្យស្លាប់២នាក់ និងរងរបួស ៣នាក់ នៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥រសៀល ។
តាមការឲ្យដឹងពីលោកអធិការរងនគរបាលស្រុកបន្ទាយអំពិល បានដឹកនាំកម្លាំងជំនាញ សហការជាមួយអាជ្ញាធរភូមិ-ឃុំ ត្រួតពិនិត្យជនរងគ្រោះ ៖១ ឈ្មោះ សុង ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ស្លាប់នៅនឹងកន្លែង ២ ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ស្លាប់នៅនឹងកន្លែង ត្រូវជាកូន ៣ ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល រងរបួស ត្រូវជាឪពុក ៤ ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល រងរបួស ត្រូវជាកូន ៥ ឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល រងរបួស។ លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍អាក្រក់នេះឡើង ក្នុងពេលដែលជនរងគ្រោះទៅភ្ជួរស្រែ ហើយមានភ្លៀងធ្លាក់ ក៏នាំគ្នាទៅជ្រកក្រោមដើមឈើ ក៏ត្រូវរន្ទះបាញ់ស្លាប់ និងរបួសតែម្តង។ ករណីនេះជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។ ក្នុងនោះ លោកឃិន ញាន អភិបាលរងខេត្ត លោក ហាំង ម៉េង អភិបាលស្រុក បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះចំនួន ២គ្រួសារ ។
ចំណែកបុរសម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩ នៅចំណុចខាងត្បូង ភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ចម្ងាយ ១០០ម៉ែត្រ ឈ្មោះ ផេង ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានរន្ទះបាញ់ បណ្ដាលឱ្យស្លាប់ នៅកន្លែងកើតហេតុ ខណះពេលជនរងគ្រោះត្រឡប់មកពីរកត្រីក្នុងបឹង ពេលនោះមានភ្លៀងផងនោះ ត្រូវរន្ទះបាញ់ស្លាប់តែម្ដង តាមការបំភ្លឺពីក្រុមគ្រួសារព្រមទាំងសាច់ញាតិ ។ ផ្អែកតាមការពិនិត្យសាកសពនិងតាមការពិនត្យកន្លែងកើតហេតុ ឈ្មោះ ផេង ដារ៉ា នេះពិតជាស្លាប់ដោយរន្ទះបាញ់ពិតប្រាកដមែន និងបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកបុណ្យ តាមប្រពៃណី៕